(ប៉េកាំង)៖ ក្នុងសប្តាហ៍នេះ ចិននឹងបញ្ជូនក្រុមអវកាសយានិកវ័យក្មេងបំផុត ឡើងទៅកាន់ស្ថានីយអវកាស Tiangong ស្របពេលដែលទីក្រុងប៉េកាំងមានផែនការបញ្ជូនមនុស្ស ទៅកាន់ឋានព្រះចន្ទ ឱ្យបាននៅត្រឹមចុងទសវត្សរ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣។
ស្ថានីយអវកាស Tiangong គឺជាសមិទ្ធផលអស្ចារ្យជាងគេ នៅក្នុងកម្មវិធីអវកាសរបស់ទីក្រុងប៉េកាំង ដែលបានទទួលជោគជ័យផងដែរ ក្នុងការនាំយកយានរ៉ូបូតទៅដល់ភពអង្គារ (Mars) ព្រមទាំងឋានព្រះចន្ទ ហើយបានធ្វើឱ្យចិនក្លាយជាប្រទេសទី៣ ក្នុងការនាំមនុស្សឡើងទៅដល់ទីអវកាស។ ស្ថានីយ Tiangong មានក្រុមអវកាសយានិកចិនគ្នាបីៗនាក់ ផ្លាស់វេនស្នាក់នៅជាប់រហូតមក រៀងរាល់រយៈពេល៦ខែ។ បេសកកម្ម Shenzhou-17 ដែលផ្ទុកអវកាសយានិក៣នាក់ថ្មី ទៅកាន់ស្ថានីយ Tiangong នឹងចាកចេញពីផ្ទៃផែនដី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សារដ្ឋចិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា «នេះគឺជាក្រុមអវកាសយានិក ដែលមានវ័យក្មេងបំផុត គិតចាប់តាំងពីការចាប់ផ្តើម នៃបេសកកម្មសាងសង់ស្ថានីយអវកាស Tiangong»។ អវកាសទាំង៣ គឺជាបុរសទាំងអស់ ហើយបេសកកម្មនេះ នឹងត្រូវដឹកនាំដោយលោក Tang Hongbo ដែលស្ថិតក្នុងបេសកកម្មវិលត្រឡប់ទៅកាន់ស្ថានីយ Tiangong ជាលើកទី១។ រីឯសម្រាប់អវកាសយានិក២នាក់ទៀត គឺលោក Tang Shengjie និងលោក Jiang Xinlin វានឹងជាបេសកកម្មលើកដំបូងសុទ្ធសាធទៅកាន់ទីនោះ។ ក្រុមអវកាសយានិកនៃបេសកកម្ម Shenzhou-17 មានអាយុជាមធ្យម៣៨ឆ្នាំ ប្រៀបធៀបនឹងអាយុជាមធ្យម៤២ឆ្នាំ នៃក្រុមអវកាសយានិកក្នុងបេសកកម្ម Shenzhou-16។
គួរបញ្ជាក់ថា នៅក្នុងផែនការវិស័យអវកាសរបស់ប្រទេសចិន ទីក្រុងប៉េកាំងក៏គ្រោងបញ្ជូនក្រុមអវកាសយានិក ក្នុងបេសកកម្មមួយទៅកាន់ឋានព្រះចន្ទ ឱ្យបាននៅត្រឹមឆ្នាំ២០៣០ផងដែរ ហើយមានគោលដៅសាងសង់មូលដ្ឋានមួយ នៅលើព្រះចន្ទថែមទៀតផង៕
រូបភាពពីទីភ្នាក់ងារអវកាសចិន