(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បាននិយាយនៅថ្ងៃពុធនេះថា ចិនមានឆន្ទៈសហការជាមួយសហរដ្ឋអាមេរិក ហើយដោះសា្រយការខ្វែងគំនិតគ្នា របស់ពួកគេ និងធ្វើការរួមគ្នាដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមជាសកល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា ក្នុងសារលិខិតមួយផ្ញើរទៅកាន់គណៈកម្មាធិការជាតិស្តីពីទំនាក់ទំនងសហរដ្ឋអាមេរិក-ចិន ដែលមានទីស្នាក់ការ នៅទីក្រុងញូវយ៉ក ក្នុងពិធីជប់លៀងប្រចាំឆ្នាំ លោក ស៉ី បានគូសបញ្ជាក់ថា «សហរដ្ឋអាមេរិក និងចិនអាចបង្កើតវិធីត្រឹមត្រូវដើម្បីអាចចុះសម្រុងគ្នា បាន ឬអត់ គឺពិតជាមានសារៈសំខាន់ចំពោះពិភពលោក»

ការអត្ថាធិប្បាយពីស្ថិរភាពនៃទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងចិន ដែលលោក ស៉ី និយាយថា គួរតែស្ថិតលើគោលការណ៍នៃការគោរពគ្នា ប្រកបដោយ សន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ នាពេលនេះ បានកើតឡើងមុនពេលមានដំណើរទស្សនកិច្ចដ៏សំខាន់របស់រដ្ឋមន្ត្រីការបរទេស លោក Wang Yi ទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅចុងសប្តាហ៍នេះ។

គួរបញ្ជាក់ថា ប្រសិនបើមិនមានការប្រែប្រួលទេ ការធ្វើដំណើរចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ របស់មន្រ្តីទូតកំពូលចិន នឹងក្លាយជាការចូលរួម ដោយផ្ទាល់កម្រិតខ្ពស់បំផុត ដែលអាចត្រួសត្រាយផ្លូវសម្រាប់ជំនួប រវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងលោក ស៉ី ជិនពីង នៅទីក្រុង San Francisco ក្នុងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នាខែវិច្ឆិកាខាងមុខ៕

រូបភាពពី Reuters