(ហ្ស៊េរុយសាឡិម)៖ យោធាអ៉ីស្រាអែល នៅថ្ងៃពុធនេះបាននិយាយថាខ្លួនបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធយោធា នៅក្នុងប្រទេសស៉ីរី ដែលជា ការឆ្លើយតបទៅនឹងការបាញ់ផ្លោងមកលើអ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣។

កងកម្លាំងការពារជាតិអ៉ីស្រាអែល (IDF) បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះចម្បាំងរបស់ខ្លួន បានវាយប្រហារទៅលើ ហេដ្ឋារចនាសម្ព័ន្ធយោធា និងកាំភ្លើងត្បាល់ដែលជាកម្មសិទ្ធិរបស់កងទ័ពស៉ីរី ដើម្បីឆ្លើយតបទៅនឹងការបាញ់ផ្លោងមកកាន់អ៉ីស្រាអែល កាលពីថ្ងៃថ្ងៃអង្គារ។

អ្នកនាំពាក្យមួយរូបរបស់យោធាអ៉ីស្រាអែល បានប្រាប់ AFP ថានេះជាការវាយប្រហារចូលទៅក្នុងទឹកដីស៉ីរីតែម្តង។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៉ីរី បានចោទ ប្រកាន់អ៉ីស្រាអែលថា បានធ្វើការវាយប្រហារតាមអាកាសលើអាកាសយានដ្ឋានធំៗចំនួន ២របស់ខ្លួន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លង។

គួរបញ្ជាក់ថា ការភ័យខ្លាចកាន់តែខ្លាំងឡើងថា សង្គ្រាមរបស់អ៉ីស្រាអែលជាមួយក្រុមហាម៉ាសប៉ាឡេស្ទីន នឹងបង្កើតភាពចលាចលក្នុងតំបន់កាន់តែ ទូលំទូលាយ ហើយជាពិសេសដុតបញ្ឆេះភាពតានតឹងដែលមានស្រាប់ជាមួយស៉ីរី និងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់ នៅក្នុងប្រទេសលីបង់៕

រូបភាពពី AFP