(យូអិន)៖ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូវយ៉ក) បានប្រាប់អង្គការសហប្រជាជាតិថាខ្លួនមិនចង់មានសង្រ្គាមជាមួយអ៉ីរ៉ង់ នោះទេ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានព្រមានថាទីក្រុងវ៉ាស៊ីនតោននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើអ៉ីរ៉ង់ ឬ ចលនា ប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ វាយប្រហារលើកងទ័ពអាមេរិក មិនថានៅទីណានោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣។

ការកត់សម្គាល់ខាងលើរបស់លោក Blinken ធ្វើឡើងទៅកាន់សមាជិកទាំង១៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅចំពោះមុខការបារម្ភថា ជម្លោះរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសគាំទ្រដោយអ៉ីរ៉ង់ ក្នុងតំបន់ហ្កាហ្សា អាចនឹងផ្ទុះរាលដាលទៅជាសង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល ប្រសិនបើ មានការលូកដៃពីក្រុមហេសប៊ូលឡា នៅលីបង់ដែលគាំទ្រដោយទីក្រុងតេហេរ៉ង់ផងនោះ។

ថ្លែងនាឱកាសនោះ លោកប្រមុខការទូតអាមេរិក បានលើកឡើងដូច្នេះថា «សហរដ្ឋអាមេរិកមិនចង់មានសង្រ្គាមជាមួយអ៉ីរ៉ង់នោះទេ។ យើងមិនចង់ឱ្យ សង្រ្គាមនេះរាលដាលកាន់តែធំឡើយ។ ប៉ុន្តែ ប្រសិនបើអ៉ីរ៉ង់ ឬចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់វាយប្រហារលើកងទ័ពអាមេរិក មិនថានៅទីណាទេ នោះវានឹងក្លាយជាកំហុសមួយដ៏ធំ។ យើងនឹងការពារមនុស្សរបស់យើង យើងនឹងការពារសន្តិសុខរបស់យើងភ្លាមៗ និងយ៉ាងមានប្រសិទ្ធភាព»

គួរបញ្ជាក់ថា យោធាអាមេរិកត្រូវបានរាយការណ៍ថាកំពុងចាត់វិធានាការថ្មីៗបន្ថែម ដើម្បីការពារកងទ័ពរបស់ខ្លួន នៅក្នុងតំបន់មជ្ឈិមបូព៌ា ចំពោះមុខ ការកើនឡើងនៃការវាយប្រហារពីសំណាក់ចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់។ សហរដ្ឋអាមេរិកក៏បានបញ្ជូននាវាចម្បាំង និងយន្ដហោះចម្បាំងជាច្រើន គ្រឿង ទៅកាន់តំបន់មជ្ឈិមបូព៌ាផងដែរ ដើម្បីកំញើញអ៉ីរ៉ង់ និងចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់៕

រូបភាពពី Reuters