(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក និងរុស្ស៉ីស្ថិតក្នុងចំណោមប្រទេសមួយចំនួនដែលជំរុញឲ្យមានការផ្អាកការប្រយុទ្ធគ្នា ឬបទឈប់បាញ់រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ប៉ាឡេស្ទីន ដើម្បីបន្តនាំយកជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣។

ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃដិន និងព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman បានជជែកគ្នាតាមទូរស័ព្ទកាលពីថ្ងៃអង្គារសប្តាហ៍នេះ ហើយបានយល់ស្របគ្នាខាងផ្នែកការទូត «ដើម្បីរក្សាស្ថិរភាពនៅទូទាំងតំបន់ និងការពារ ជម្លោះកុំឲ្យរីករាលដាលកាន់តែធំ»

សហរដ្ឋអាមេរិក បានណែនាំអ៉ីស្រាអែលឲ្យបញ្ឈប់ផែនការធ្វើសង្រ្គាមជើងគោក ហើយព្យាយាមសម្រុះសម្រួលឲ្យមានការដោះលែងចំណាប់ខ្មាំងជាង ២០០នាក់ដែលត្រូវចាប់ឃុំខ្លួននៅក្នុងតំបន់ហ្គាហ្សា។ នៅឯអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងរុស្ស៉ី បានដាក់ផែនការនាំយកជំនួយមនុស្សធម៌សម្រាប់ជនស៉ីវិលប៉ាឡេស្ទីន ដោយទីក្រុងវ៉ាស៊ីនតោន អំពាវនាវឲ្យផ្អាកការប្រយុទ្ធគ្នា ចំណែករុស្ស៊ីចង់បានបទឈប់បាញ់មនុស្សធម៌។

គួរបញ្ជាក់ថា រថយន្តដឹកទឹក អាហារ និងថ្នាំចំនួន ៨គ្រឿងបានចូលក្នុងតំបន់ហ្គាហ្សាពីប្រទេសអេហ្ស៉ីប កាលពីល្ងាចថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។ ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងថា ជនជាតិប៉ាឡេស្ទីនចំនួន ៥,៧៩១នាក់ ត្រូវបានសម្លាប់ ដោយការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែលចាប់តាំងពីថ្ងៃទី៧ ខែតុលាមក៕

រូបភាពពី Reuters