(ហ្ស៊េរុយសាឡិម)៖ យោធាអ៉ីស្រាអែល បាននិយាយនៅថ្ងៃពុធនេះថា កងកម្លាំងរបស់ខ្លួនបានបើកការវាយឆ្មក់ពេញមួយយប់ លើជំរុំរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅតំបន់ West Bank ដោយប្រើយន្តហោះដ្រូន បណ្តាលឲ្យជនជាតិប៉ាឡេស្ទីន ២នាក់ស្លាប់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣។
យោធានិយាយថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានបាញ់ផ្លោង និងគប់គ្រាប់បែកមកលើកងកម្លាំងរបស់ខ្លួន ចេញពីជំរុំជនភៀសខ្លួន Jenin ដែលស្ថិតនៅភាគខាងជើងតំបន់ West Bank។ បន្ទាប់មក យោធាអ៉ីស្រាអែល ក៏បានវាយប្រហារតបទៅវិញដោយប្រើយន្តហោះដ្រូន ហើយត្រូវចំគោលដៅ។ បើតាមភ្នាក់ងារសង្គ្រោះរបស់អឌ្ឍចន្ទក្រហមប៉ាឡេស្ទីន ជនជាតិប៉ាឡេស្ទីន ២នាក់ត្រូវបានស្លាប់ និងអ្នកផ្សេងទៀតរងរបួស។
គួរបញ្ជាក់ថា ជំរុំជនភៀសខ្លួន Jenin ដែលជាទីតាំងឈរជើងយ៉ាងរឹងមាំរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន គឺគោលដៅចម្បង នៃប្រតិបត្តិការយោធាអ៉ីស្រាអែល កាលពីដើមឆ្នាំ ២០២៣នេះ។ នេះជាការការវាយប្រហារតាមផ្លូវអាកាសលើកទី ៣របស់អ៉ីស្រាអែលលើតំបន់ West Bank គិតចាប់តាំងពីអំពើហិង្សាក្នុងដែនដីប៉ាឡេស្ទីនផ្ទុះឡើង នៅថ្ងៃទី៧ ខែតុលា៕
រូបភាពពី Reuters