(ញូវយ៉ក)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃអង្គារសប្តាហ៍នេះ បានចោទប្រកាន់អ៊ីស្រាអែលថា បានបំពានច្បាប់អន្តរជាតិយ៉ាងច្បាស់ តាមរយៈការវាយប្រហារតំបន់ហ្គាហ្សា និងបានជំរុញឱ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ ដើម្បីបន្ធូរបន្ថយស្ថានការណ៍។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។

លោក Guterres បានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខមួយនៅថ្ងៃអង្គារសប្តាហ៍នេះ។ នាឱកាសនោះលោកបាននិយាយយ៉ាងដូច្នេះថា «ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការរំលោភយ៉ាងច្បាស់លាស់លើច្បាប់មនុស្សធម៌អន្តរជាតិ ដែលយើងកំពុងធ្វើជាសាក្សីនៅក្នុងតំបន់ហ្គាហ្សាពីសំណាក់អ៊ីស្រាអែល»។

លោក Guterres ផ្ទាល់ ដែលបានធ្វើដំណើរទៅកាន់ច្រកឆ្លងកាត់រវាងប្រទេសអេហ្ស៊ីប និងហ្គាហ្សា ដើម្បីជួយសម្រួលដល់លំហូរនៃជំនួយមនុស្សធម៌ បានសម្តែងការស្វាគមន៍ចំពោះក្បួនរថយន្តជំនួយចំនួនបី ដែលបានឆ្លងកាត់ផ្លូវឆ្លងកាត់ Rafah កន្លងមក។

លោកបាននិយាយថា «ប៉ុន្តែទាំងនេះគ្រាន់តែជាការជួយតិចតួចប៉ុណ្ណោះ ខណៈការផ្គត់ផ្គង់ប្រេងឥទ្ធនៈរបស់អង្គការសហប្រជាជាតិ នៅតំបន់ហ្គាហ្សានឹងអស់ក្នុងរយៈពេលពីរបីថ្ងៃទៀតនេះ នោះនឹងក្លាយជាគ្រោះមហន្តរាយមួយផ្សេងទៀត»

ប្រមុខអង្គការសហប្រជាជាតិរូបនេះបានសង្កត់ធ្ងន់ថា «ដើម្បីបន្ធូរបន្ថយការឈឺចាប់ដ៏ធំធេងនេះ ធ្វើឱ្យការផ្តល់ជំនួយកាន់តែងាយស្រួល និងមានសុវត្ថិភាព និងជួយសម្រួលដល់ការដោះលែងចំណាប់ខ្មាំង ខ្ញុំសូមរំលឹកឡើងវិញ នូវការអំពាវនាវរបស់ខ្ញុំឱ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់»

គួរបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃនេះ បានប្រមូលផ្តុំអ្នកការទូតកំពូលៗ រួមទាំងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ផងដែរ ដែលពីមុនបានច្រានចោលការអំពាវនាវឱ្យមានបទឈប់បាញ់ ដោយនិយាយថាវានឹងអនុញ្ញាតឱ្យក្រុមហាម៉ាសប្រមូលផ្តុំឡើងវិញ។

ក្រសួង​សុខាភិបាល​ប៉ាឡេស្ទីន​និយាយ​ថា ជនជាតិ​ប៉ាឡេស្ទីន​ជាង ៥,៧០០ នាក់​ត្រូវ​បាន​សម្លាប់​នៅ​តំបន់​ហ្គាហ្សា ​ដោយ​ការ​ទម្លាក់​គ្រាប់​បែក​របស់​អ៊ីស្រាអែល៕

រូបភាពពី AFP