(វ៉ារស្សាវ៉ា)៖ គណបក្សប្រឆាំងសំខាន់ៗរបស់ប្រទេសប៉ូឡូញ បាននិយាយនៅថ្ងៃអង្គារទី ២៤ ខែតុលានេះថា ពួកគេត្រៀមខ្លួនជាស្រេចដើម្បីចូលកាន់អំណាច ខណៈដែលពួកគេស្វែងរកការបង្កើនសម្ពាធ លើប្រធានាធិបតីដើម្បីធ្វើការសម្រេចចិត្តរហ័ស លើការតែងតាំងបេក្ខជនរបស់ពួកគេ គឺលោក Donald Tusk ជានាយករដ្ឋមន្ត្រី។ នេះបើយោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។

គណបក្សប្រឆាំងដែលគាំទ្រសហភាពអឺរ៉ុប បានឈ្នះសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតកាលពីដើមខែនេះ ដែលជាការផ្លាស់ប្តូរដ៏សំខាន់មួយសម្រាប់ប្រទេសប៉ូឡូញ បន្ទាប់ពីមានការខ្វែងគំនិតគ្នាអស់រយៈពេល ៨​ ឆ្នាំជាមួយទីក្រុងព្រុចសែលលើបញ្ហាជាច្រើនរាប់ចាប់ពីឯករាជ្យភាពរបស់តុលាការ រហូតដល់សិទ្ធិស្ត្រី ការស្រឡាញ់ភេទដូចគ្នា និងអ្នកកែភេទជាដើម។

លោកប្រធានាធិបតី Andrzej Duda ដែលជាសម្ព័ន្ធមិត្តនៃគណបក្សច្បាប់ និងយុត្តិធម៌ (PiS) ដែលកំពុងកាន់អំណាចធ្លាប់​បាន​និយាយ​ថា លោក​នឹង​ផ្តល់​ឱកាស​ដំបូង​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ដល់​គណបក្ស​តែ​មួយ ​ធំ​ជាង​គេ​ក្នុង​សភា​ជាន់​ទាប។

គណបក្ស​ច្បាប់​និង​យុត្តិធម៌ (PiS) ​បាន​ឈរ​នៅ​លំដាប់​ទី​មួយ​ក្នុង​ការ​បោះឆ្នោត​សកល ប៉ុន្តែ​បាន​ចាញ់​សំឡេង​ភាគច្រើន ហើយវាទំនង​ជា​​មិន​អាច​បង្កើត​រដ្ឋាភិបាល​បាន​ទេ ដោយសារ​ខ្វះ​ដៃគូ​ចម្រុះ។

លោក Tusk មេដឹកនាំនៃក្រុមប្រឆាំងសេរីដ៏ធំបំផុតរបស់ប្រទេសប៉ូឡូញ គឺសម្ព័ន្ធ Civic Coalition បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយដូច្នេះថា «ថ្ងៃនេះ រួមជាមួយមេដឹកនាំនៃគណបក្សប្រជាធិបតេយ្យ យើងបានបញ្ជាក់ពីការត្រៀមខ្លួនរបស់យើងក្នុងការសហការយ៉ាងពេញលេញ និងបង្កើតសំឡេងភាគច្រើននៅក្នុងសភាបន្ទាប់»។ លោក​បាន​បន្ថែម​ថា លោក​នឹង​ក្លាយ​ជា​បេក្ខភាព​របស់​គណបក្ស​ប្រឆាំង​សម្រាប់​ជា​នាយក​រដ្ឋមន្ត្រី។

លោក Duda គ្រោង​នឹង​ជួប​ជាមួយ​មេដឹកនាំ​នៃ​គណបក្ស​ទាំងអស់ ​ដែល​បាន​ទទួល​អាសនៈ​ក្នុង​សភា​នៅ​ថ្ងៃ​អង្គារ និង​ថ្ងៃ​ពុធសប្តាហ៍នេះ។

មេដឹកនាំនៃក្រុមទាំងបីមានបំណងបង្កើតរដ្ឋាភិបាលបន្ទាប់ បានជំរុញឱ្យ លោកប្រធានាធិបតី Duda កុំពន្យារពេលធ្វើការសម្រេចចិត្ត លើការតែងតាំងនាយករដ្ឋមន្ត្រីថ្មី។ ទោះ​ជា​យ៉ាង​ណា ជំនួយការ​របស់លោកបាន​និយាយ​ថា លោក​នឹង​មិន​ប្រញាប់ប្រញាល់​ក្នុង​ការ​ធ្វើ​ការ​ជ្រើសរើស​ឡើយ៕

រូបភាពពី Reuters