(តៃប៉ិ)៖ មេដឹកនាំរងរបស់កោះតៃវ៉ាន់ នៅថ្ងៃអង្គារនេះបានព្រមានថា ក្រុមហ៊ុនតៃវ៉ាន់ធំៗដែលមានមូលដ្ឋានក្នុងប្រទេសចិន អាចនឹងត្រូវបង្ខំចិត្តផ្លាស់ប្តូរទីតាំង ប្រសិនបើពួកគេមានអារម្មណ៍ថា «រងសម្ពាធដោយអយុត្តិធម៌»។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣។

មេដឹកនាំរង លោក Lai Ching-te ដែលជាបេក្ខជននាំមុខការបោះឆ្នោតនៅតៃវ៉ាន់ និងជាប្រធានគណបក្ស DPP បានព្រមានថា «ប្រសិនក្រុមហ៊ុនអាជីវកម្មតៃវ៉ាន់កាន់តែភ័យខ្លាច និងបាត់បង់ទំនុកចិត្តនៅក្នុងប្រទេសចិន នោះពួកគេអាចនឹងផ្លាស់ប្តូរមូលដ្ឋានរបស់ពួកគេ ទៅកាន់ប្រទេសផ្សេងទៀតជាបណ្តើរៗ ហើយវានឹងមិនចំណេញសម្រាប់ចិនឡើយ»។

គួរបញ្ជាក់ថា ការព្រមានរបស់ លោក Lai ធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយចិនថា Foxconn ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចដ៏ធំបំផុតមួយក្នុងពិភពលោក និងជាអ្នកផ្គត់ផ្គង់ដ៏សំខាន់សម្រាប់ទូរស័ព្ទ iPhone របស់ Apple មានមូលដ្ឋាននៅតៃវ៉ាន់ កំពុងស្ថិតក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹងពន្ធ និងដីធ្លីនៅក្នុងខេត្តមួយចំនួនរបស់ប្រទេសចិន៕

រូបភាពពី AFP