(ប៉េកាំង)៖ កាលពីថ្ងៃទី ២៣ ខែតុលាតាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងសហព័ន្ធបាល់ទាត់អាជីពបារាំង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការនៅទីក្រុងប៉ារីស ដោយបានឈានដល់ឆន្ទៈនៃកិច្ចសហប្រតិបត្តិការ ក្នុងការរួមគ្នារៀបចំព្រឹត្តិការណ៍នានា ជំរុញការផ្លាស់ប្តូរផ្នែកវិស័យបាលទាត់ និងជំរុញការអភិវឌ្ឍបាល់ទាត់យុវជន។

លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងប្រធានសហព័ន្ធបាល់ទាត់អាជីពបារាំងបានតាងនាមឱ្យភាគីទាំងពីរ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់។ លោក Shen Haixiong បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានសម្រេចភារកិច្ច ដោយជោគជ័យនូវការផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡានានា ដូចជាព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង ការប្រកួតបាលទាត់ពានរង្វាន់ពិភពលោកក្រុង Qatar ការប្រកួតកីឡាសកលវិទ្យាល័យពិភពលោកក្រុង Chengdu និងការប្រកួតកីឡាអាស៊ីក្រុង Hangzhou ជាដើម ដោយបង្ហាញពីកម្រិតនៃការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យានាំមុខគេលើពិភពលោក និងសមត្ថភាពនៃការផ្សព្វផ្សាយព្រឹត្តិការណ៍កីឡា។

ខណៈពេលដែលខួបទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារាំង និងឆ្នាំកីឡាអូឡាំពិកទីក្រុងប៉ារីសជិតចូលមកដល់ លោករំពឹងទុកថា ភាគីទាំងពីរនឹងចាត់ទុកកីឡាបាល់ទាត់ជាមធ្យោបាយ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែងយ៉ាងទូលំទូលាយ ក្នុងន័យជំរុញការអភិវឌ្ឍកីឡាបាល់ទាត់ និងការផ្សព្វផ្សាយវប្បធម៌បាល់ទាត់រវាងប្រទេសចិន និង ប្រទេសបារាំង ក៏ដូចជាបន្តបង្កើនចំណងមិត្តភាពយ៉ាងស៊ីជម្រៅ រវាងប្រជាជននៃប្រទេសទាំងពី។ ចំណែកប្រធានសហព័ន្ធបាល់ទាត់អាជីពបារាំង បានសម្តែងពីភាពរីករាយនិងការរំពឹងទុកយ៉ាងខ្លាំងចំពោះសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន