(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បាននិយាយថា សកម្មភាពមួយចំនួនរបស់អ៉ីស្រាអែល នៅក្នុងការធ្វើសង្រ្គាមប្រឆាំងក្រុមហាម៉ាស ដូចជាកាត់ផ្តាច់ការផ្គត់ផ្គង់ស្បៀងអាហារនិងទឹកជាដើម សម្រាប់តំបន់ Gaza Strip អាចនឹងពង្រឹងឥរិយាបថរបស់ប្រជាជនប៉ាឡេស្ទីន ច្រើនជំនាន់ថែមទៀត ហើយធ្វើឱ្យការគាំទ្ររបស់អន្តរជាតិសម្រាប់អ៉ីស្រាអែល ចុះទន់ខ្សោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាកក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣។
លោកអតីតប្រធានាធិបតីអាមេរិក បាននិយាយថា យុទ្ធសាស្រ្តយោធាអ៉ីស្រាអែលណាមួយ ដែលមិនគិតគូរអំពីតម្លៃនៃផលប៉ះពាល់របស់សង្រ្គាម ចំពោះអាយុជីវិតមនុស្ស គឺអាចនឹងជះផលតបស្នងអវិជ្ជមានត្រឡប់ទៅវិញ។ លោក អូបាម៉ា បានលើកឡើងដូច្នេះថា «ការសម្រេចចិត្តរបស់រដ្ឋាភិបាលអ៉ីស្រាអែល ក្នុងការកាត់ផ្តាច់ស្បៀងអាហារ ទឹក និងអគ្គិសនី សម្រាប់ប្រជាជនស៉ីវិលនៅតំបន់ Gaza មិនត្រឹមបង្កហានិភ័យធ្វើឱ្យវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែវាអាចបន្តពង្រឹងឥរិយាបថប្រជាជនប៉ាឡេស្ទីន ច្រើនជំនាន់ថែមទៀត, ប៉ះពាល់ដល់ការគាំទ្រអន្តរជាតិសម្រាប់អ៉ីស្រាអែល, ឈានជើងចូលអន្ទាក់របស់សត្រូវអ៉ីស្រាអែល និងបំផ្លាញកិច្ចប្រឹងប្រែងរយៈពេលវែង ក្នុងការឆ្ពោះទៅសម្រេចឱ្យបាន នូវសុខសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់»។
រយៈពេលជាង២សប្តាហ៍មកនេះ អ៉ីស្រាអែលបានធ្វើការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាលើតំបន់ Gaza ចាប់តាំងពីការឆ្មក់វាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់មនុស្ស១,៤០០នាក់។ យោងតាមក្រសួងសុខាភិបាលតំបន់ Gaza ដែលគ្រប់គ្រងដោយហាម៉ាស យុទ្ធនាការវាយប្រហារតាមអាកាសរបស់អ៉ីស្រាអែល បានផ្តាច់ជីវិតមនុស្សកើនលើស៥,០០០នាក់ហើយ។ លោក អូបាម៉ា បានថ្កោលទោសការវាយប្រហាររបស់ហាម៉ាស និងគូសបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់លោក សម្រាប់សិទ្ធិការពារខ្លួនរបស់អ៉ីស្រាអែល ប៉ុន្តែលោកបានព្រមានឱ្យប្រុងប្រយ័ត្ន អំពីហានិភ័យចំពោះជនស៉ីវិលនៅក្នុងសង្រ្គាមនេះ។
គួរបញ្ជាក់ថា ក្នុងអាណត្តិកាន់អំណាចជាប្រធានាធិបតីអាមេរិក លោក អូបាម៉ា ជារឿយៗបានបង្ហាញការគាំទ្រដល់អ៉ីស្រាអែល ក្នុងការអនុវត្តសិទ្ធិការពារខ្លួន នៅអំលុងពេលចាប់ផ្តើមដំបូង នៃជម្លោះជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស ដែលបានគ្រប់គ្រងតំបន់ Gaza ចាប់តាំងពីឆ្នាំ២០០៧មក។ យ៉ាងណាមិញ លោក អូបាម៉ា ក៏បានចេញមុខអំពាវនាវភ្លាមៗដែរ ឱ្យអ៉ីស្រាអែលបន្ធូរបន្ថយសកម្មភាពវិញ នៅពេលចំនួនប្រជាជនប៉ាឡេស្ទីន ដែលបាត់បង់ជីវិតដោយសារការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល ចាប់ផ្តើមកើនឡើង។
អតីតរដ្ឋបាលលោក អូបាម៉ា បានព្យាយាមប៉ុន្តែទីបំផុតបរាជ័យ ក្នុងការជួយសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាព ដែលបានស្ថិតក្រោមការចរចារវាងអ៉ីស្រាអែលនិងប៉ាឡេស្ទីន។ ដោយឡែក ចាប់តាំងពីឡើងកាន់អំណាចកាលពីដើមឆ្នាំ២០២១មក ប្រធានាធិបតីអាមេរិកបច្ចុប្បន្ន គឺលោក ចូ បៃដិន ដែលធ្លាប់ជាអតីតអនុប្រធានាធិបតីរបស់លោក អូបាម៉ា មិនបានព្យាយាមស្តារកិច្ចចរចា ដែលជាប់គាំងជាយូរមកហើយឡើងវិញឡើយ ក្រោមហេតុផលថា មេដឹកនាំអ៉ីស្រាអែលនិងប៉ាឡេស្ទីន ហាក់ដូចមិនមានឆន្ទៈចរចានោះទេ ហើយបរិយាកាសក៏មិនអំណោយផល ផងដែរ៕
រូបភាពពី AFP