(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃចន្ទសប្តាហ៍នេះថា ប្រមុខការទូតចិននឹងធ្វើទស្សនកិច្ចដ៏កម្រមួយ មកកាន់ទីក្រុងវ៉ាស៉ីនតោនក្នុងសប្តាហ៍នេះ ដែលអាចត្រួសត្រាយផ្លូវសម្រាប់ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ស៉ី ជិនពីង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣។

ប្រសិនបើមិនមានការប្រែប្រួលទេ លោក វ៉ាង យី ដែលជាមន្ត្រីទូតកំពូលរបស់ចិន នឹងមានវត្តមានក្នុងរដ្ឋធានីរបស់សហរដ្ឋអាមេរិក ចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសៅរ៍ គិតក្នុងរយៈពេលជិត ៥ឆ្នាំ ចំពោះមុខភាពតានតឹងផ្នែកពាណិជ្ជកម្ម វិបត្តិអ៊ុយក្រែន បញ្ហាតៃវ៉ាន់ ជម្លោះក្នុងតំបន់មជ្ឈិមបូព៌ា និងការកើនឡើងនូវភាពតានតឹងនៅឯសមុទ្រចិនខាងត្បូង។

មន្រ្តីជាន់ខ្ពស់មួយរបស់សហរដ្ឋអាមេរិក បាននិយាយថា ផែនការនៃដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ មហាអំណាចទាំងពីរ ដើម្បីគ្រប់គ្រងការប្រកួតប្រជែងប្រកបដោយការទទួលខុសត្រូវ។ នៅត្រូវបានសាកសួរថាតើដំណើរទស្សនកិច្ច របស់លោក វ៉ាង នឹងត្រួសត្រាយឲ្យមានទស្សនកិច្ចផ្លូវការរបស់លោក ស៉ី ជិនពីង ដែរឬទេ? មន្ត្រីអាមេរិកមួយរូបទៀត បានឆ្លើយដោយមិនបញ្ជាក់លម្អិតថា លោក បៃដិន ធ្លាប់និយាយជាច្រើនដងថានឹងបានជួប លោក ស៉ី នាពេលខាងមុខ។

គួរបញ្ជាក់ថា ចិន និងសហរដ្ឋអាមេរិក ក្នុងប៉ុន្មានខែថ្មីៗនេះ បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចៀសវាងជម្លោះ។ ប៉ុន្តែ ប្រឈមមុខនឹងការផ្ទុះឡើងនៃអំពើហិង្សានៅតំបន់មជ្ឈិមបូព៌ា ចិន និងសហរដ្ឋអាមេរិក ហាក់កំពុងស្វែងរកផលប្រយោជន៍ផ្នែកការទូត ប្រឆាំងគ្នាទៅវិញទៅមក៕

រូបភាពពី AFP