(ហ៊្សេរុយសាឡិម)៖ នៅថ្ងៃអង្គារនេះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានធ្វើដំណើរទៅដល់ទីក្រុងតែលអាវីវ ដែលបើយោងតាមការិយាល័យរបស់លោក គឺដើម្បីបង្ហាញពីសាមគ្គីពេញលេញរបស់ប្រទេសបារាំងជាមួយអ៉ីស្រាអែល ក្រោយការវាយប្រហារដ៏ប្រល័យបំផុតរបស់ក្រុមហាម៉ាសប៉ាឡេស្ទីន កាលពីថ្ងៃទី៧ ខែតុលា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣។
ដំណើរទស្សនកិច្ចរបស់លោក Macron គឺធ្វើឡើងនៅរយៈពេលជាង២សប្តាហ៍ បន្ទាប់ពីក្រុមខ្មាន់កាំភ្លើងរបស់ពួកហាម៉ាស បានសម្រុកពីតំបន់ Gaza Strip ចូលទៅវាយប្រហារអ៉ីស្រាអែល ដែលបើតាមការអះអាងរបស់អ៉ីស្រាអែល គឺបានសម្លាប់មនុស្សជាង១,៤០០នាក់ ភាគច្រើនជាជនស៉ីវិល។ ក្នុងចំណោមជនរងគ្រោះទាំងនោះ រួមមានពលរដ្ឋបារាំងចំនួន៣០នាក់។
ការិយាល័យប្រធានាធិបតីបារាំង បានឱ្យដឹងថាអំលុងដំណើរទស្សនកិច្ច លោក Macron ត្រូវជួបនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu ដើម្បីបង្ហាញពីសាមគ្គីភាពពេញលេញរបស់ទីក្រុងប៉ារីសជាមួយអ៉ីស្រាអែល ក្រោយការវាយប្រហារដ៏អាក្រក់ខាងលើ។ លោក Macron ក៏ត្រូវគេរំពឹងថា នឹងអំពាវនាវ ឱ្យមានការការពារជនស៉ីវិលនៅតំបន់ Gaza ព្រមទាំងបទឈប់បាញ់ដើម្បីបុព្វហេតុមនុស្សធម៌ផងដែរ ចំពោះមុខការទម្លាក់គ្រាប់បែកឥតឈប់ឈររបស់អ៉ីស្រាអែល ហើយទន្ទឹមគ្នា យោធាអ៉ីស្រាអែលក៏កំពុងត្រៀមលក្ខណៈ បើកប្រតិបត្តិការផ្លូវគោកចូលតំបន់ Gaza ថែមទៀតផង។
ក្រសួងសុខាភិបាលនៅ Gaza គ្រប់គ្រងដោយក្រុមហាម៉ាស ចំនួនប្រជាជនប៉ាឡេស្ទីនដែលបានស្លាប់ ដោយសារការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល ក្នុងរយៈពេលជាង ២សប្តាហ៍មកនេះ គឺបានកើនដល់ជាង៥,០០០នាក់ហើយ ដែលភាគច្រើនជាជនស៉ីវិល។ ក្រៅពីជួបលោក Netanyahu លោក Macron ត្រូវជួបប្រធានាធិបតីអ៉ីស្រាអែលលោក Issac Herzog រួមទាំងមេដឹកនាំបក្សប្រឆាំងអ៉ីស្រាអែល លោក Benny Gantz និងលោក Yair Lapid នៅទីក្រុងហ៊្សេរុយសាឡិម។ ដោយឡែក បើតាមអាជ្ញាធរប៉ាឡេស្ទីន លោកប្រធានាធិបតីបារាំង នឹងក៏ត្រូវជួបប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmud Abbas នៅទីក្រុង Ramallah នៃតំបន់ West Bank ផងដែរ។
គួរបញ្ជាក់ថា មុនលោក Macron គឺប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក Rishi Sunak អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz និងនាយករដ្ឋមន្រ្តីអ៉ីតាលី លោកស្រី Giorgia Meloni គឺសុទ្ធតែបានបំពេញទស្សនកិច្ចទៅកាន់អ៉ីស្រាអែល នាពេលថ្មីៗនេះ៕
រូបភាពពី AFP