(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ សហរដ្ឋអាមេរិកបានបន្តប្រកាន់ជំហរបដិសេធដដែល ចំពោះការអំពាវនាវចង់ឱ្យមានបទឈប់បាញ់ នៅតំបន់ Gaza Strip ក្រោមហេតុផលថា ការធ្វើយ៉ាងដូច្នោះមុខជានឹងផ្តល់ឱ្យក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស នូវឱកាសប្រមូលផ្តុំ​កម្លាំងឡើងវិញ ហើយរៀបចំផែនការវាយប្រហារបន្ថែមទៀត លើអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣។

លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «បទឈប់បាញ់ណាមួយ នឹងផ្តល់ឱកាសឱ្យក្រុមហាម៉ាស អាចសម្រាកស្តារកម្លាំងឡើងវិញ ហើយត្រៀមលក្ខណៈជាថ្មី ដើម្បីបន្តការវាយប្រហារថ្មីថែមទៀតប្រឆាំង​អ៉ីស្រាអែល។ អ្នកទាំងអស់គ្នា អាចយល់បានយ៉ាងច្បាស់ថា ហេតុអ្វីវាគឺជាស្ថានការណ៍មួយ ដែលមិនអាចអត់ទ្រាំបានសម្រាប់អ៉ីស្រាអែល ពោលគឺដូចគ្នាទៅនឹងប្រទេសដទៃទៀត ប្រសិនបើពួកគេបានទទួលរងការវាយប្រហារភេរវកម្ម ដ៏ឃោរឃៅ ហើយបន្តមើលឃើញការគំរាមកំហែងភេរវកម្មនោះ នៅជាប់នឹងព្រំប្រទល់របស់ខ្លួន»

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកក៏បានបង្កឱ្យមានការរិះគន់ផងដែរ បន្ទាប់ពីខ្លួនសម្រេចចិត្តបោះឆ្នោតវ៉េតូ ប្រឆាំងដំណោះស្រាយមួយ​របស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ដែលចង់អំពាវនាវឱ្យមាន «បទឈប់បាញ់ដើម្បីបុព្វហេតុមនុស្សធម៌» សម្រាប់ជម្លោះ​រវាងអ៉ីស្រាអែលនិងក្រុមហាម៉ាស។ អំពើហិង្សាដ៏បង្ហូរឈាមថ្មី ចុងក្រោយនេះ បានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា នៅពេលក្រុមហាម៉ាស បានបញ្ជូនខ្មាន់កាំភ្លើងពីតំបន់ Gaza ឱ្យឆ្មក់ចូលវាយប្រហារនៅតំបន់ភាគខាងត្បូងអ៉ីស្រាអែល ដែលបើការអះអាងរបស់អ៉ីស្រាអែល គឺពួកគេបានសម្លាប់មនុស្ស​ជាង១,៤០០នាក់។ រីឯបើតាមក្រសួងសុខាភិបាលនៅ Gaza ប្រជាជនប៉ាឡេស្ទីនជាង ៥,០០០នាក់ហើយបានស្លាប់ ដោយសារការបន្ត​ទម្លាក់គ្រាប់បែកសងសឹករបស់អ៉ីស្រាអែល៕

រូបភាពពី Reuters