(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក Rishi Sunak បានប្រកាសកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ចក្រភពអង់គ្លេសនឹងបញ្ជូន​ជំនួយបន្ថែមចំនួន២០ផោនទៀត (២៤លានដុល្លារអាមេរិក) ដើម្បីជួយប្រជាជនស៉ីវិលប៉ាឡេស្ទីន នៅក្នុងតំបន់ Gaza Strip ដែលទទួលរង​ផលប៉ះពាល់ ដោយសារសង្រ្គាមរវាងអ៉ីស្រាអែលនិងក្រុមហាម៉ាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣។

សេចក្តីប្រកាសខាងលើនាំឱ្យ ជំនួយសរុបដែលចក្រភពអង់គ្លេស បានសន្យាផ្តល់ឱ្យដែនដីប៉ាឡេស្ទីន គិតចាប់តាំងពីការវាយប្រហារ​របស់ ក្រុមហាម៉ាសលើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឡើងដល់៣០លានផោន។ លោក Sunak បានថ្លែងប្រាប់សភាចក្រភពអង់គ្លេសយ៉ាងដូច្នេះថា «ពួកយើងនឹងផ្តល់ជំនួយមនុស្សធម៌២០លានផោនបន្ថែម ដល់ជនស៉ីវិលនៅ Gaza ពោលគឺលើសពីទ្វេដងនៃការគាំទ្ររបស់​យើងកន្លងមក សម្រាប់ប្រជាជនប៉ាឡេស្ទីន»។ មុនការសន្យាផ្តល់ជំនួយថ្មីៗខាងលើ ចក្រភពអង់គ្លេស បានប្តេជ្ញាផ្តល់២៧លានផោន ដល់ប្រជាជនប៉ាឡេស្ទីននៅក្នុងឆ្នាំនេះ។ លោកនាយករដ្ឋមន្រ្តីអង់គ្លេស ក៏បានបំពេញទស្សនកិច្ចទៅកាន់អ៉ីស្រាអែល កាលពីសប្តាហ៍មុន ផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែតុលា ក្រុមហាម៉ាសបានបញ្ជូនខ្មាន់កាំភ្លើង ឱ្យឆ្លងព្រំប្រទល់តំបន់ Gaza ចូលទៅភាគខាងត្បូងអ៉ីស្រាអែល ហើយបើតាមការអះអាងរបស់ ក្រុមមន្រ្តីអ៉ីស្រាអែល គឺពួកគេបានសម្លាប់មនុស្សយ៉ាងហោចជាង ១,៤០០នាក់ ភាគច្រើនជាជនស៉ីវិល។ ចំណែក ​យោងតាមក្រសួងសុខាភិបាលនៅតំបន់ Gaza ដែលគ្រប់គ្រងដោយហាម៉ាស បានរាយការណ៍កាលពីថ្ងៃចន្ទនេះ មនុស្សជាង៥,០០០នាក់ហើយ ភាគច្រើនជាជនស៉ីវិលដូចគ្នា ត្រូវបានសម្លាប់នៅទូទាំង Gaza ដោយសារតែការទម្លាក់គ្រាប់បែកឥតឈប់ឈររបស់អ៉ីស្រាអែល ដែលជាការសងសឹកចំពោះទង្វើរបស់ក្រុមហាម៉ាស៕

រូបភាពពី AFP