(ប៉ារីស)៖ រដ្ឋមន្រ្តីការពារជាតិបារាំងកាលពីថ្ងៃចន្ទសប្តាហ៍នេះ បាននិយាយថា រដ្ឋាភិបាលបារាំងកំពុងតែជជែកគ្នាជាមួយអារ៉ាប៊ីសាអូឌីត​ អំពីការលក់យន្តហោះចម្បាំង Rafale។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣។

ប្រមុខការពារជាតិបារាំង លោក Sebastien Lecornu បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ឥឡូវកំពុងមានកិច្ចពិភាក្សារវាងក្រុមហ៊ុនបារាំង Dassault Aviation ជាមួយប្រទេសអារ៉ាប៊ីអូឌីត អំពីលទ្ធភាពការលក់យន្តហោះចម្បាំង Rafale ឱ្យទៅព្រះរាជាណាចក្រអារ៉ាប់មួយនេះ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតបន្ថែមឡើយ។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់បារាំង អារ៉ាប៊ីសាអូឌីតបានសុំស្នើឱ្យបារាំងផ្តល់តម្លៃប៉ាន់ស្មាន សម្រាប់យន្តហោះ Rafale ចំនួន៥៤គ្រឿង នៅត្រឹមថ្ងៃទី១០ ខែវិច្ឆិកា។ បច្ចុប្បន្នកងទ័ពអាកាសអារ៉ាប៊ីសាអូឌីត ជាចម្បងគឺ​បំពាក់ដោយយន្តហោះចម្បាំងអាមេរិក F-15 និងយន្តហោះចម្បាំង Eurofighter ដែលផលិតរួមគ្នាដោយ ចក្រភពអង់គ្លេស អាល្លឺម៉ង់ អ៉ីតាលី និងអេស៉្បាញ។

គួរបញ្ជាក់ថា យន្តហោះចម្បាំង Rafale គឺជាសម្ភារលក់ដាច់បំផុតសម្រាប់ឧស្សាហកម្មយោធាបារាំង ហើយបានជួយជំរុញឱ្យ​ការនាំចេញសព្វាវុធរបស់ប្រទេសបារាំង ឡើងដល់កម្រិតខ្ពស់បំបែកកំណត់ត្រាថ្មី កាលពីឆ្នាំ២០២២។ បារាំងដែលជាប្រទេសនាំចេញអាវុធ​ធំជាងគេទី៣លើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិកនិងរុស្ស៉ី បានលក់យន្តហោះ Rafale ចំនួន៨០គ្រឿង ឱ្យទៅអេមីរ៉ាត់អារ៉ាប់រួមក្នុងតម្លៃប្រហែល១៧ពាន់លានដុល្លារ កាលពីឆ្នាំមុន។ ឥណ្ឌូណេស៉ី ក្រិក ឥណ្ឌា កាតា និងអេហ្ស៉ីប ក៏ជាអតិថិជននៃយន្តហោះចម្បាំងបារាំងនេះផងដែរ ខណៈអារ៉ាប៊ីសាអូឌីត គឺជាអតិថិជនធំមួយនៃសព្វាវុធរបស់បារាំង៕

រូបភាពពី AFP