(ដាកា)៖ មនុស្សចំនួន ១៧នាក់បានស្លាប់ និងជាង ១០០នាក់ផ្សេងទៀតរងរបួសនៅប្រទេសបង់ក្លាដែស ក្រោយរថភ្លើង ២គ្រឿងបុកគ្នាកាលពីថ្ងៃចន្ទសប្តាហ៍នេះ ដោយក្រុមមន្រ្តីបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣។

ក្រុមមន្រ្តីនិយាយថា គ្រោះថ្នាក់នេះបានកើតឡើងនៅភាគខាងកើតទីក្រុង Bhairab ដោយរថភ្លើងដឹកទំនិញបុករថភ្លើងដឹកអ្នកដំណើរ ក្នុងទិសដៅផ្ទុយគ្នា បណ្ដាលឲ្យទូដឹកអ្នកដំណើរចំនួន ២ក្រឡាប់។ មន្រ្តីរដ្ឋបាលក្រុង Bhairab ដែលស្ថិតនៅចម្ងាយប្រហែល ៦០គីឡូម៉ែត្រភាគឦសាននៃរដ្ឋធានី Dhaka បានប្រាប់ AFP ឲ្យដឹងថា «យើងបានរកឃើញសាកសពចំនួន ១៧ ខណៈមនុស្សជាង ១០០នាក់រងរបួស»

គួរបញ្ជាក់ថា គ្រោះថ្នាក់រថភ្លើងគឺជារឿងធម្មតានៅក្នុងប្រទេសបង់ក្លាដែស ហើយជារឿយៗត្រូវបានបង្កឡើង ដោយការត្រួតពិនិត្យមិនបានហ្មត់ចត់ ការធ្វេសប្រហែស ផ្លូវដែកចាស់ ឬហេដ្ឋារចនាសម្ព័ន្ធខូចខាតផ្សេងទៀត៕

រូបភាពពី AFP