(ហ្សឺណែវ)៖ ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា មនុស្សជិត ២០,០០០នាក់ បានផ្លាស់ប្តូរទីលំនៅ នៅក្នុងភាគខាងត្បូងប្រទេសលីបង់ និងកន្លែងផ្សេងទៀតចាប់តាំងពីដើមខែតុលាមក ខណៈអំពើហិង្សាកាន់តែកើនឡើងនៅតាមព្រំដែនលីបង់-អ៉ីស្រាអែល ក្រោយផ្ទុះសង្រ្គាមនៅតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣។

អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក បានឲ្យដឹងថា មនុស្សចំនួន ១៩,៦៤៦នាក់ បានផ្លាស់ទីលំនៅនៅក្នុងប្រទេសលីបង់ ចាប់តាំងពីមានភាពចលនាកាលពីថ្ងៃទី៨ ខែតុលា មួយថ្ងៃបន្ទាប់ពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធហាម៉ាសលើអ៉ីស្រាអែល និងការឆ្លើយតបរបស់អ៉ីស្រាអែលលើតំបន់ហ្គាហ្សា។

អ្នកផ្លាស់ទីភាគច្រើន គឺជាអ្នកដែលភៀសខ្លួនចេញពីភាគខាងត្បូងលីបង់ និងមនុស្សមួយចំនួនទៀតផ្លាស់មកពីតំបន់ផ្សេង។ ដោយឡែក អាជ្ញាធរអ៉ីស្រាអែល ក៏បាននិងកំពុងជម្លៀសមនុស្សនៅតាមទីប្រជុំជន និងសហគមន៍រាប់សិបចេញពីភាគខាងជើងប្រទេសផងដែរ។

គួរបញ្ជាក់ថា ក្រុមប្រដាប់អាវុធ Hezbollah ក្នុងប្រទេសលីបង់ និងអ៉ីស្រាអែលកំពុងបាញ់ប្រហារគ្នាកាន់តែខ្លាំងឡើងៗនៅតាមព្រំដែន ក្នុងការប៉ះទង្គិចគ្នាដ៏អាក្រក់បំផុតចាប់តាំងពីសង្គ្រាមឆ្នាំ ២០០៦៕

រូបភាពពី Reuters