(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី បានប្រាប់រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Eli Cohen ថា គ្រប់ប្រទេសទាំងអស់មានសិទ្ធិការពារខ្លួន ប៉ុន្តែពួកគេគួរតែគោរពច្បាប់មនុស្សធម៌អន្តរជាតិ និងការពារសុវត្ថិភាពរបស់ជនស៊ីវិល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣។

នេះជាកិច្ចសន្ទនាតាមទូរស័ព្ទលើកដំបូងរវាងប្រមុខការទូតទាំងពីរ ចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន ផ្ទុះឡើងក្នុងខែតុលានេះ។ បើតាមក្រសួងការបរទេសចិន ក្នុងកិច្ចសន្ទនាគ្នានោះ លោក វ៉ាង ក៏បានសន្យាថាចិន នឹងខំឲ្យអស់ពីសមត្ថភាពដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែង ដែលអំណោយផលដល់សន្តិភាព។ ចិនសង្ឃឹមយ៉ាងមុតមាំថា បញ្ហាប៉ាឡេស្ទីន ត្រូវបានដោះស្រាយយ៉ាងទូលំទូលាយ និងយុត្តិធម៌ដោយឈរលើមូលដ្ឋាននៃ «ដំណោះស្រាយរដ្ឋពីរ» ហើយកង្វល់សន្តិសុខស្របច្បាប់របស់ភាគីទាំងអស់ នឹងត្រូវបានដោះស្រាយយ៉ាងពិតប្រាកដ។

គួរបញ្ជាក់ថា អ៉ីស្រាអែល បានបើកការវាយប្រហារតាមអាកាសលើគោលដៅរាប់រយកន្លែងនៅតំបន់ហ្គាហ្សា ខណៈទាហានរបស់ខ្លួនបានប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស អំឡុងពេលវាយឆ្មក់ចូលដែនដីប៉ាឡេស្ទីន កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ ក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានកងកម្លាំងប្រដាប់អាវុធអ៉ីស្រាអែល បានប្តេជ្ញាបន្តការវាយប្រហារយ៉ាងខ្លាំងក្លាលើក្រុមហាម៉ាស៕

រូបភាពពី AFP