(តេហេរ៉ង់)៖ នៅថ្ងៃអង្គារនេះ ក្រសួងការបរទេសរុស្ស៉ី បានប្រកាសថា រុស្ស៉ី-អ៊ីរ៉ង់កំពុងពង្រឹងទំនាក់ទំនងទ្វេភាគីក្នុងបរិយាកាស «គួរឲ្យជឿទុកចិត្ត» ខណៈប្រមុខការទូតរបស់ខ្លួន គឺលោក Sergei Lavrov ត្រូវបានទទួលការស្វាគមន៍ពីសំណាក់ប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi អំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតេហេរ៉ង់ (Tehran)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៉ី បានបញ្ជាក់ថា «ក្នុងបរិយាកាសជឿទុកចិត្តគ្នាជាប្រពៃណី ទិដ្ឋភាពបច្ចុប្បន្ននៃរបៀបវារៈទ្វេភាគីត្រូវបានពិភាក្សាជាចម្បង ដោយការសង្កត់ធ្ងន់លើការកសាងបន្ថែមទៀតនូវភាពជាដៃគូពហុភាគី រុស្ស៉ី-អ៉ីរ៉ង់។

លោក Lavrov ដែលបានទៅទីក្រុងតេហេរ៉ង់ បន្ទាប់ពីដំណើរទស្សនកិច្ចអាស៉ីទៅកាន់ប្រទេសចិន និងកូរ៉េខាងជើងនោះ បានពិភាក្សាអំពីគម្រោងថាមពល និងភស្តុភារជាមួយរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Hossein Amirabdollahian។ លោក Lavrov ក៏បានចូលរួមក្នុងកិច្ចចរចាថ្នាក់តំបន់ដែលរៀបចំដោយអ៉ីរ៉ង់ផងដែរ ក្នុងគោលបំណងនាំសន្តិភាពដល់តំបន់កូកាសខាងត្បូង (South Caucasus) បន្ទាប់ពីកងកម្លាំងអាស៊ៃបៃហ្សង់ បានគ្រប់គ្រងតំបន់ពី Nagorno-Karabakh ទាំងស្រុង។

គួរបញ្ជាក់ថា ចាប់តាំងពីបើកការឈ្លានពានលើអ៊ុយក្រែន នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ រុស្ស៉ីស្វែងរកការពង្រឹងទំនាក់ទំនងជាមួយប្រទេស ដែលមានទំនាក់ទំនងមិនសូវល្អជាមួយលោកខាងលិច។ សហរដ្ឋអាមេរិក បានបង្ហាញការព្រួយបារម្ភជុំវិញការពង្រឹងទំនាក់ទំនង ផ្នែកការពារជាតិរវាងរុស្ស៉ី និងអ៉ីរ៉ង់ ដោយចោទប្រកាន់ថា បង្កហានិភ័យមិនត្រឹមតែសម្រាប់អ៊ុយក្រែនប៉ុណ្ណោះទេ តែថែមទាំងដល់អ្នកជិតខាងរបស់អ៉ីរ៉ង់ទៀតផង៕

រូបភាពពី Reuters