(ម៉ាឌ្រីដ)៖ អាជ្ញាធរបានប្រកាសកាលពីថ្ងៃអាទិត្យថា ជនចំណាកស្រុកអាហ្រ្វិកជាង ១,៤០០ នាក់បានមកដល់កោះ Canary របស់ប្រទេសអេស្បាញកាលពីចុងសប្តាហ៍កន្លងទៅនេះ ជាមួយនឹងកប៉ាល់តែមួយ ផ្ទុកមនុស្សបានរហូតដល់ ៣២១ នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។

អាជ្ញាធរបាននិយាយនៅលើបណ្តាញទំនាក់ទំនង X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter ថាជនចំណាកស្រុកសរុបចំនួន ១,៤៥៧ នាក់បានមកដល់កោះអេស្ប៉ាញនៅឆ្នេរសមុទ្រភាគខាងលិច នៃទ្វីបអាហ្រ្វិក នៅចន្លោះយប់ថ្ងៃសុក្រដល់ព្រឹកថ្ងៃអាទិត្យ។

អ្នកនាំពាក្យសេវាសង្គ្រោះបន្ទាន់បានគូសបញ្ជាក់ថា ជនចំណាក់ស្រុកដែលមកដល់ទាំងអស់នោះ គឺមកពីអនុតំបន់សាហារ៉ាអាហ្វ្រិក។

ប្រភពដដែលនេះបានឱ្យដឹងទៀត ថាកាលពីថ្ងៃសៅរ៍បានឃើញការមកដល់នៃមនុស្សចំនួន ៣២១ នាក់នៅលើកប៉ាល់តែមួយ ពោលគឺលើសពីកំណត់ត្រាមុនសម្រាប់ទូកតែមួយ ដែលបានកត់ត្រាកាលពីថ្ងៃទី០៣ ខែតុលា ដែលមានចំនួនមនុស្ស ២៨០ នាក់។

គួរបញ្ជាក់ថា​ ទិន្នន័យចុងក្រោយបំផុតពីក្រសួងមហាផ្ទៃអេស្ប៉ាញបង្ហាញថា ជនចំណាកស្រុកចំនួន ២៣,៥៣៧ នាក់បានមកដល់កោះ Canary ចាប់ពីថ្ងៃទី០១ ខែមករាដល់ថ្ងៃទី១៥ ខែតុលា។ ពីរសប្តាហ៍ដំបូងនៃខែនេះ មានមនុស្សចំនួន ៨,៥៦១ នាក់បានមកដល់ដែលជាចំនួនច្រើនបំផុត ចាប់តាំងពីវិបត្តិការធ្វើចំណាកស្រុកពីមុនក្នុងឆ្នាំ ២០០៦៕

រូបភាពពី AP