(ហ្កាហ្សា)៖ សង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីនឈានចូលដល់ថ្ងៃទី១៧ហើយ ខណៈសង្គ្រាមនេះបានរាលដាលចូលដល់ប្រទេសអារ៉ាប់ ដទៃទៀតគួរឱ្យព្រួយបារម្ភ។ ប្រទេសក្នុងពិភពអារ៉ាប់ និងប្រទេសធំៗក្នុងតំបន់បានព្យាយាមរកសន្តិភាពក្នុងតំបន់មជ្ឈិមបូព៌ានេះ ប៉ុន្តែ ក្តីសង្ឃឹមត្រូវគេឃើញ ថាហាក់ដូចជាមានតិចតួចណាស់។

សង្គ្រាមអ៊ីស្រាអែល និងប៉ាឡេស្ទីន បានរាលដាលចូលដល់ប្រទេសអារ៉ាប់ជាប់នឹងតំបន់ព្រំដែនអ៊ីស្រាអែលហើយ និងជម្លោះនេះត្រូវគេបារម្ភថានឹង អាចកាន់តែរាលដាលធំថែមទៀត ខណៈការវាយប្រហាររបស់អ៊ីស្រាអែលដាក់លើតំបន់ Gaza Strip នៅតែបន្តមិនបន្ធូរបន្ថយដៃឡើយ។ ក្រុម Hezbollah ក្នុងប្រទេសលីបង់ បានបង្ហាញការឈឺឆ្អាលនិងបានធ្វើសកម្មភាព បាញ់ដាក់លើក្រុមទាហានអ៊ីស្រាអែលវិញ បណ្តាលឱ្យមានការស្លាប់និងរបួសគួរឱ្យកត់ សម្គាល់។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានព្រមានក្រុម Hezbollah ថាក្រុមសកម្មប្រយុទ្ធក្នុងប្រទេសលីបង់នោះ ចង់បង្កើត «កំហុស មួយជីវិតរបស់ខ្លួន» ហើយប្រសិនបើបើចាប់ផ្តើមសង្រ្គាមជាមួយអ៊ីស្រាអែល។ សម្តីព្រមានរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានធ្វើកាលពីថ្ងៃទី២២ តុលា ក្នុងពេលលោកបានចុះទៅសួរសុខទុក្ខកងទ័ពរបស់លោកនៅតាមព្រំដែនលីបង់ នាភាគខាងជើងប្រទេសអ៊ីស្រាអែល។ កន្លែងដែលលោកបានចុះធ្វើ ទស្សនកិច្ច នោះគឺជាតំបន់ដែលមានការវាយប្រហារបាញ់ផ្លោងដាក់គ្នាទៅវិញទៅមករវាងអ៊ីស្រាអែល និងក្រុម Hezbollah ដែលជាអ្វីនាំឱ្យមានក្តីបារម្ភ ថាសង្គ្រាមនឹងឈានរាលដាលកាន់តែធំ។

លោក Netanyahu បានថ្លែងប្រាប់ទាហានអ៊ីស្រាអែលទាំងឡាយប្រចាំការនៅទីនោះថា នៅក្នុងព្រឹត្តិការណ៍នៃអំពើអមិត្តកាន់តែកើនឡើង, នោះមានន័យថា ក្រុមហេសបូឡា នឹងបង្កើតឱ្យមានកំហុសមួយអាយុជីវិតរបស់ខ្លួន។ លោកបានថ្លែងព្រមានថា អ៊ីស្រាអែលនឹងធ្វើការវាយប្រហារដោយកម្លាំងតបត ដែលគេ មិនអាចនឹកស្មានដល់…ហើយលោកបញ្ជាក់ថា អ្វីដែលជាសំខាន់នៃលទ្ធផលនោះ គឺប្រទេសលីបង់ទេដែលនឹងត្រូវរងការបំផ្លិចបំផ្លាញ។ សម្តីព្រមាននេះ ធ្វើឡើងបន្ទាប់ពីកងទ័ពអ៊ីស្រាអែលបានព្រមានក្រុមហេសបូឡារួចមកហើយ ថាការវាយប្រហារកាន់តែខ្លាំងដាក់ទៅលើអ៊ីស្រាអែល គឺជាគ្រោះថ្នាក់មួយ ដែលទាញប្រទេសលីបង់ឱ្យធ្លាក់ចូលទៅក្នុងសង្រ្គាម។

អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Jonathan Conricus បាននិយាយមុននេះថា «ក្រុមហេសបូឡា... កំពុងអូសប្រទេសលីបង់ ចូលទៅក្នុងសង្រ្គាម ដែលប្រទេសនេះនឹងមិនទទួលបានអ្វីពីការសង្គ្រាមនេះឡើយ ប៉ុន្តែមានតែការបាត់បង់វិញយ៉ាងច្រើនតែប៉ុណ្ណោះ»។ លោក Jonathan Conricus បាននិយាយ បន្តថាក្រុមសកម្មប្រយុទ្ធហេសបូឡា កំពុងលេងល្បែងដ៏គ្រោះថ្នាក់ខ្លាំង និងកំពុងបង្កើនស្ថានភាពក្នុងតំបន់កាន់តែធ្ងន់ធ្ងរ។ ប្រធានាធិបតីអាមេរិ កលោក ចូ បៃដិន បានបញ្ជាក់ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៊ីស្រាអែល និងលោកបាននិយាយស្វែងរកសន្តិភាពសម្រាប់តំបន់មជ្ឈិមបូព៌ា។

លោក ចូ បៃដិនបានសរសេរក្នុងបណ្តាញសង្គមបញ្ជាក់ថា «ទោះបីជាលំបាកយ៉ាងណា យើង មិនអាចបោះបង់សន្តិភាព និងយើងមិនអាចបោះបង់ចោល ដំណោះស្រាយរដ្ឋ២បានឡើយ»។ ប្រធានាធិបតីអាមេរិក កំពុងស្ថិតក្នុងអម្រែកធ្ងន់២ពាក់ព័ន្ធនឹងការជួយសង្គ្រាមក្នុងប្រទេសអ៊ុយក្រែនផង និងសង្គ្រាមរបស់ អ៊ីស្រាអែលថែមទៀត។ លោកបានសរសេរក្នុងបណ្តាញសង្គមថា ជម្លោះទាំង២នេះ ហាក់ដូចជានៅវែងឆ្ងាយបន្តទៀត ប៉ុន្តែលោកបានសរសេរដាក់សំណួរថា តើហេតុអ្វីបានជាសហរដ្ឋអាមេរិកយកចិត្តទុកដាក់នឹងបញ្ហារបស់សង្គ្រាមនៃប្រទេសទាំង២នេះ? លោកចូបៃពន្យល់មកវិញថា «ជោគជ័យរបស់អ៊ីស្រាអែល និងអ៊ុយក្រែនគឺជាកត្តាសំខាន់នៃសន្តិសុខជាតិ»

លោកបញ្ជាក់បន្តទៀតថា «ប្រវត្តិសាស្ត្របានបង្រៀនយើងថា នៅពេលដែលពួកភេរវករនិងពួកផ្តាច់ការ មិនទទួលយកនូវលទ្ធផលអាក្រក់របស់គេវិញនោះទេ, ពួកគេនៅតែបង្កការសម្លាប់និងការបំផ្លិចបំផ្លាញជាបន្តទៀត»។ លោក ចូ បៃដិន បានថ្លែងថាអ៊ីស្រាអែលមានសិទ្ធិក្នុងការការពារខ្លួនក្នុងសង្គ្រាមនេះ។ ប្រធានា ធិបតីអាមេរិកបានថ្លែងថារូបលោកនិងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានពិភាក្សានូវរបៀបរបបច្បាប់នៃការធ្វើសង្គ្រាម ដែលមានន័យថាគេត្រូវការពារប្រជាជនស៊ីវិល ឱ្យអស់លទ្ធភាពក្នុងពេលដែលមានការប្រយុទ្ធគ្នានោះ។ លោកបានបន្តថាគេមិនអាចធ្វើមិនដឹងមិនឮ ចំពោះប្រជាជនប៉ាឡេស្ទីនស្លូតត្រង់ដែលចង់រស់នៅក្នុង សន្តិភាពនោះឡើយ និងហេតុដូច្នោះហើយ លោកចូបៃដិនបានថ្លែងថាលោកបានធានាជួយឱ្យមានកិច្ចព្រមព្រៀងមួយសម្រាប់ការដឹកជញ្ជូនជំនួយមនុស្សធម៌ ជាលើកដំបូងចូលទៅក្នុងតំបន់ Gaza ដើម្បីជួយជនស៊ីវិលប៉ាឡេស្ទីន។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងមកនេះ ជំនួយមនុស្សធម៌តាមរថយន្តកុងតេ ន័រធំៗចំនួន២០គ្រឿងត្រូវបានអនុញ្ញាតដឹកចូលក្នុងតំបន់ Gazតាមច្រក Rafahរបស់ទឹកដី អេហ្ស៊ីប និងក្បួនកុងតេន័រជំនួយ១៧គ្រឿងទៀតត្រូវបានដឹកចូលជាបន្តកាលពីថ្ងៃអាទិត្យ។ ប៉ុន្តែជាមួយនឹងជំនួយនេះ, ការវាយប្រហារដាក់មកលើតំបន់ Gaza ហាក់ដូចជាមិនមានភាពធូរស្រាលឡើយ។ ការត្រៀមវាយលុកដោយថ្មើរជើង ត្រូវគេរំពឹងថានឹងអាចចាប់ផ្តើម នាពេល ខាងមុខនេះ បើទោះបីជាមានការព្រមានពីក្រុមហេសបូឡាឬពីប្រទេសអ៊ីរ៉ង់ថា សង្គ្រាមនឹងរាលដាលកាន់តែធំថែមទៀតបើសិនជាអ៊ីស្រាអែលហ៊ានតែប្រើកម្លាំង ថ្មើរជើង ចូលវាយចូល មកក្នុងតំបន់ Gaza នោះក៏ដោយ។

នាពេលនេះ ប្រជាជនប៉ាឡេស្ទីន បានទទួលការព្រមានសាជាថ្មីថែមទៀតពីកម្លាំងអ៊ីស្រាអែលដែលត្រៀមវាយលុក ជាមួយការប្រាប់ថាប្រជាជនប៉ាឡេស្ទីន ត្រូវតែនាំគ្នាធ្វើដំណើរចាកចេញពីភាគខាងជើងតំបន់ Gaza មកកាន់ភាគខាងត្បូងវិញ។ សេចក្តីរាយការណ៍បានបង្ហាញថាមានពលរដ្ឋប៉ាឡេស្ទីន ប្រមាណ ៣ម៉ឺន៥ពាន់នាក់ ត្រូវបានស្ថិតក្នុងជំរំ ភៀសខ្លួន មួយក្នុងក្រុង Yunis នាភាគខាង ត្បូងតំបន់ Gaza។ កាលពីចុងសប្តាហ៍កន្លងមកនេះដើម្បីស្វែងរកសន្តិភាព ក្នុងតំបន់មជ្ឈិមបូព៌ា កិច្ចប្រជុំកំពូលមួយត្រូវបានរៀបចំធ្វើនៅក្នុងប្រទេសអេហ្ស៊ីបដោយមានការចូលរួមពីអគ្គលេខាធិការអង្គការសហប្រជាជាតិលោកអង់តូនីញ៉ូ ហ្គូទែ័រ៉េសផងដែរ។ កិច្ចប្រជុំនោះ បានពិភាក្សារិះរកមធ្យោបាយដើម្បីការផ្តល់ជំនួយ, ការបន្ធូរបន្ថយភាពតានតឹងក្នុងមជ្ឈិមបូព៌ា ខណៈដែលបណ្តារដ្ឋក្នុងពិភព អ៊ីស្លាម បានអំពាវនាវឱ្យអ៊ីស្រាអែលត្រូវបញ្ចប់ការវាយប្រហាររបស់ខ្លួនដាក់ក្នុងតំ បន់ហ្គាហ្សា ប៉ុន្តែការអំពាវនាវនោះ មិនមានប្រសិទ្ធិភាពឡើយ។ អ៊ីស្រាអែល បានបន្តការបាញ់ផ្លោងដាក់លើតំបន់ហ្គាហ្សាជាដដែលនិងបង្ហាញការត្រៀមវាយលុកដោយថ្មើរជើងជាបន្ថែមទៀតនាពេលខាងមុខនេះ។ លោក អង់តូនីញ៉ូ ហ្គូទែ័រ៉េស ដែលបានចូលរួមក្នុងកិច្ចប្រជុំជាមួយបណ្តាប្រទេសអារ៉ាប់បានលើកជុំវិញទិដ្ឋភាពខុសគ្នាទាំងស្រុងដែលលោកបានឃើញនៅពេលធ្វើដំណើរដល់ច្រក
Rafah ដើម្បីការនាំជំនួយចូលជួយប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្គាហ្សា។

អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងថានៅពេលដែលលោកបានទស្សនកិច្ចច្រក Rafah លោកបានឃើញភាពខុសគ្នានូវគ្រោះថ្នាក់កើតឡើងដល់ មនុស្សក្នុងសភាពពិតប្រាកដ។ លោកថានៅច្រកម្ខាងឡានដឹកទំនិញរាប់រយគ្រឿងដែលមានស្បៀងអាហារ និងសម្ភារៈចាំបាច់ជាច្រើន ប៉ុន្តែនៅម្ខាងទៀត ដែលឆ្លងកាត់ព្រំដែននោះទៅ គឺមានប្រជាជនប្រមាណពីរលាននាក់ដែលគ្មានទឹក, គ្មានអាហារ, គ្មានប្រេងឥន្ធនៈ, គ្មានអគ្គិសនី និងថ្នាំពេទ្យ, មានកុមារ និង ម្តាយរបស់គេ និងមានមនុស្សចាសនិងអ្នកជំងឺ។

សង្រ្គាមដែលកំពុងបន្តរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់បានឈានចូល១៧ថ្ងៃហើយគិត ត្រឹមថ្ងៃទី២៣តុលាឆ្នាំ២០២៣។ ក្រុមហេសបូឡាដែលមានសម្ព័ន្ធភាព ជាមួយក្រុមហាម៉ាស បានធ្វើការបាញ់ប្រហារដាក់ទៅលើកងកម្លាំងអ៊ីស្រាអែលរំលងព្រំដែនភាគខាងជើងរបស់ខ្លួន ដែលការវាយប្រហារនេះកំពុងតែបង្ក ក្តីព្រួយបារម្ភដល់ពិភពលោកថាក្រុមហេសបូឡា មានបំណងបើករណសិរ្សប្រយុទ្ធថ្មីមួយប្រឆាំងនឹងអ៊ីស្រាអែល ដើម្បីគាំទ្រក្រុមហាម៉ាសនៅភាគខាងត្បូង។

 ខណៈបណ្តាប្រទេសក្នុងពិភពអារ៉ាប់បានប្រឆាំងនឹងអ៊ីស្រាអែល, ប្រទេសដែលគាំទ្ររដ្ឋាភិ បាល Tel Aviv វិញនោះ រួមមានសហរដ្ឋអាមេរិក, ប្រទេសកាណាដា, បារាំង, អាល្លឺម៉ង់, អ៊ីតាលីនិងអង់គ្លេស ដែលកាលពីថ្ងៃអាទិត្យប្រទេសទាំងនេះ បានបញ្ជាក់ការគាំទ្ររបស់ខ្លួនចំពោះរដ្ឋាភិបាលអ៊ីស្រាអែលនិង សិទ្ធិការការពារ ខ្លួនរបស់ពួកគេប៉ុន្តែប្រទេសទាំងនេះបានស្នើឱ្យអ៊ីស្រាអែលត្រូវប្រកាន់នូវច្បាប់មនុស្សធម៌អន្តរជាតិនិងការពារជនស៊ិវិល ដែលការដាស់តឿននេះ បានធ្វើនៅមុខ ការវាយលុកតាមថ្មើរជើងត្រូវគេរំពឹងថានឹងកើតមាននាពេលខាងមុខនេះ។

សេចក្តីរាយការណ៍២៤ម៉ោងចុងក្រោយនេះ បានបង្ហាញដែរថាយន្តហោះចម្បាំងរបស់អ៊ីស្រា អែលបានបន្តការវាយប្រហារដាក់លើគោលដៅនានាក្នុងតំបន់ Gaza ក៏ដូចជាការវាយប្រហារដាក់លើព្រលានយន្តហោះ២ក្នុងប្រទេសស៊ីរីនិងការវាយប្រហារដាក់លើព្រះវិហារក្នុងតំបន់ West Bank ដោយចោទថាជាព្រះវិហារ ប្រើប្រាស់ដោយក្រុមសកម្មជនហាម៉ាស់។ រហូតមកទល់នឹងពេលនេះ មានមនុស្ស៤ពាន់៦៥១នាក់ បានស្លាប់និង១ម៉ឺន៤ពាន់២៥៤នាក់ រងរបួសនៅក្នុងតំបន់ ហ្កាហ្សា ខណៈដែលមនុស្ស១ពាន់៤០០នាក់លើទឹកដីអ៊ីស្រាអែល ត្រូវបានក្រុមហាម៉ាស់សម្លាប់និងប្រមាណជាង២០០នាក់ ត្រូវបានចាប់ជាចំណាប់ខ្មាំង ចាប់តាំងពីមានហេតុការណ៍វាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាសដាក់លើទឹកដីអ៊ីស្រាអែល កាលពីថ្ងៃទី៧ តុលា ឆ្នាំ២០២៣ នោះមក។

សេចក្តីរាយការណ៍បានបង្ហាញដែរថាក្នុងការវាយប្រហារមួយផ្សេងទៀត, ទីតាំងមួយរបស់ប្រទេសអេហ្ស៊ីប ក៏បានរងនឹងការវាយប្រហាររបស់អ៊ីស្រាអែល ផងដែរ។ យោធាអ៊ីស្រាអែលបាននិយាយថា កាលពីថ្ងៃអាទិត្យ រថក្រោះមួយក្នុងចំណោមរថក្រោះរបស់ខ្លួនបានវាយប្រហារដោយចៃដន្យ ដាក់លើទីតាំងរបស់ អេហ្ស៊ីបនៅក្បែរនឹងព្រំដែនតំបន់ហ្កាហ្សា។ ក្រុមយោធាអ៊ីស្រាអែលបានចាត់ទុកព្រឹត្តិការណ៍វាយប្រហារនោះថាមិនមែន ជាចេតនារបស់ខ្លួនឡើយ ប៉ុន្តែជារឿង ដែលចៃដន្យ។ ក្រុមយោធាអ៊ីស្រាអែលបានសម្តែងក្តីសោកស្តាយចំពោះព្រឹត្តិការណ៍នេះ និងបញ្ជាក់ថាព្រឹត្តិការណ៍ដោយចៃដន្យនោះ កំពុងតែ ស្ថិតក្នុងការស៊ើបអង្កេត និងពិនិត្យរកការពិតបញ្ជាក់សាឡើងវិញ៕

រូបភាពពី Reuters