(ប៉េកាំង)៖ ក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃចន្ទនេះថា សេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិក ដែលបានកាន់ជើងទីក្រុងម៉ានីល ពាក់ព័ន្ធហេតុការណ៍ប៉ះទង្គិចគ្នាមួយ រវាងនាវាចិននិងទូកហ្វីលីពីន នៅសមុទ្រចិនខាងត្បូង គឺពុំបានអើពើអំពីការពិតទាល់តែសោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣។
ចិននិងហ្វីលីពីន បានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ជុំវិញហេតុការណ៍ប៉ះគ្នានៅឯដែនទឹកមានបញ្ហាវិវាទ នៃសមុទ្រចិនខាងត្បូង នៅពេលនាវាឆ្មាំសមុទ្រចិន បានព្យាយាមធ្វើសកម្មភាពរារាំងទូកដឹកសម្ភារផ្គត់ផ្គង់ សម្រាប់កងទ័ពហ្វីលីពីននៅទីនោះ។ ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ក្រសួងការបរទេសអាមេរិក បាននិយាយថា កងឆ្មាំសមុទ្ររបស់ចិនបានបំពានច្បាប់អន្តរជាតិ តាមរយៈការលូកលាន់ដោយចេតនា លើការអនុវត្តសិទ្ធិនៃសេរីភាពធ្វើនាវាចរណ៍ដែនសមុទ្ររបស់ហ្វីលីពីន។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានលើកឡើងនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍ ដែលបំពានច្បាប់អន្តរជាតិ ដោយវាយប្រហារនិងចោទប្រកាន់ទាំងគ្មានមូលដ្ឋានច្បាស់លាស់ មកលើសិទ្ធិស្របច្បាប់និងសកម្មភាពនៃការអនុវត្តច្បាប់របស់ប្រទេសចិន។ លោកស្រី Mao បានអះអាងថា តំបន់ថ្មប៉ប្រះទឹក Second Thomas Shoal តែងតែជាដែនដីរបស់ប្រទេសចិនជានិច្ច។ លោកស្រីអ្នកនាំពាក្យ បានលើកឡើងយ៉ាងដូច្នេះថា «តំបន់ថ្មះប៉ប្រះទឹក Renai គឺជាផ្នែកមិនអាចកាត់ផ្តាច់បានឡើយ នៃទីប្រជុំកោះ Nansha Islands ទាំងទីតាំងភូមិសាស្រ្ត សេដ្ឋកិច្ច នយោបាយ និងប្រវត្តិសាស្រ្ត»។ លោកស្រី Mao ចង់សំដៅទៅលើតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ហើយនិងទីប្រជុំកោះ Spratly Islands។
គួរបញ្ជាក់ថា ប៉ុន្មានខែមកនេះ ហេតុការណ៍ប្រឈមមុខគ្នាលើដែនសមុទ្រ រវាងទីក្រុងម៉ានីលនិងទីក្រុងប៉េកាំង បានក្លាយជារឿងកើតឡើងជាញឹកញាប់ នៅសមុទ្រចិនខាងត្បូង ខណៈប្រទេសទាំងពីរបាននិងកំពុងព្យាយាមបង្កើន ការទាមទារកម្មសិទ្ធិទឹកដីរៀងៗខ្លួន នៅច្រកផ្លូវសមុទ្រយុទ្ធសាស្រ្តដ៏សំខាន់មួយនេះ៕
រូបភាពពី Reuters