(ប៉េកាំង)៖ ស្របពេលដែលការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" ឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលសកលបានទទួលឱកាសថ្មី។ ក្នុងពិធីបើកវេទិកាកំពូល “ខ្សែក្រវាត់និងផ្លូវ”សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី៣ ដែលបានធ្វើឡើងនាពេលថ្មីៗនេះ នៅពេលថ្លែងសុន្ទរកថាគន្លឹះ លោកXiJinpingប្រធានរដ្ឋចិនបានលើកឡើងថា ភាគីចិននឹងបង្កើតតំបន់នាំមុខធ្វើកិច្ចសហប្រតិបត្តិការ "ធុរកិច្ចអេឡិចត្រូនិកផ្លូវសូត្រ" និងរៀបចំ "ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល" ជារៀងរាល់ឆ្នាំ។

ប្រទេសចិននិងប្រទេសពាក់ព័ន្ធ ក៏បានរួមគ្នាចេញផ្សាយឯកសារសមិទ្ធផល ដូចជា《គំនិតផ្តួចផ្តើមក្រុងប៉េកាំងនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ស្តីពីសេដ្ឋកិច្ចឌីជីថលនៃ"ខ្សែក្រវាត់និងផ្លូវ"》ជាដើម។ មជ្ឈដ្ឋានខាងក្រៅបានយល់ឃើញជាទូទៅថា នេះនឹងជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចឌីជីថល រវាងប្រទេសចិននិងបណ្តាប្រទេសដែលរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" ឱ្យកាន់តែស៊ីជម្រៅនិងកាន់តែរឹងមាំ។

នាពេលបច្ចុប្បន្ន សង្គមមនុស្សជាតិកំពុងឆ្លងកាត់រលកបដិវត្តន៍ឧស្សាហកម្មលើកទី៤ ដែលប្រកបដោយលក្ខណៈពិសេស ដូចជាការធ្វើឌីជីថលភាវូបនីយកម្ម បណ្តាញអ៊ីនធើណេតនិងភាពវៃឆ្លាត។ យោងតាមស្ថិតិនៃរបាយការណ៍ពាក់ព័ន្ធបង្ហាញឱ្យដឹងថា នៅឆ្នាំ២០២២ ទំហំសេដ្ឋកិច្ចឌីជីថលសរុបនៃប្រទេសចំនួន៥ ដែលបូករួមទាំងអាមេរិក ចិន អាល្លឺម៉ង់ ជប៉ុននិងកូរ៉េខាងត្បូងបានឡើងដល់ ៣១ទ្រីលានដុល្លារអាមេរិក ហើយសមាមាត្រនៃសេដ្ឋកិច្ចឌីជីថលក្នុង GDP មានដល់៥៨ភាគរយដែលមានទំហំសរុប កើនឡើងជាបន្តបន្ទាប់។ ប៉ុន្តែ ម៉្យាងវិញទៀត ដោយសារគម្លាតឌីជីថលយ៉ាងខ្លាំង ប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ មិនបានចែករំលែកយ៉ាងពេញលេញនូវឱកាស និងសមិទ្ធផលដែលនាំមកដោយបដិវត្តន៍បច្ចេកវិទ្យាឌីជីថលទេ នេះបានរារាំងការបោះជំហានទៅមុខរបស់ពួកគេ ក្នុងដំណើរសម្រេចបាននូវការធ្វើទំនើបកម្ម។

កាលពី១០ឆ្នាំមុន ភាគីចិនបានបំផុសគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់និងផ្លូវ”។ ក្រោមគោលដៅទូទៅនៃ "ការតភ្ជាប់គ្នា" ទិសដៅសំខាន់មួយ គឺជំរុញឱ្យបណ្តាប្រទេសដែលរួមគ្នាកសាងធ្វើកិច្ចសហប្រតិបត្តិការ យ៉ាងទូលំទូលាយក្នុងវិស័យដូចជាបច្ចេកវិទ្យាឌីជីថល ហេដ្ឋារចនាសម្ព័ន្ធឌីជីថលនិងទីផ្សារឌីជីថលជាដើម។ ក្រោមការចូលរួមនិងជំរុញយ៉ាងសកម្មរបស់ប្រទេសចិន ការកសាង "ផ្លូវសូត្រឌីជីថល" បានទទួលនូវសមិទ្ធផលគួរឱ្យកត់សម្គាល់។

ស្ថានីយសេវា 5G មជ្ឈមណ្ឌលទិន្នន័យ មជ្ឈមណ្ឌល cloud computing ទីក្រុងឆ្លាតវៃជាដើមត្រូវបានបង្កើតនៅប្រទេសជាច្រើន សំណង់របស់ប្រទេសជាច្រើនដែលរួមគ្នា កសាងខ្សែក្រវាត់និងផ្លូវ ដូចជាកំពង់ផែ ផ្លូវដែក ផ្លូវថ្នល់ និងសំណង់ធារាសាស្រ្តជាដើម ត្រូវលើកកម្ពស់លំដាប់ថ្នាក់ តាមរយៈការធ្វើឌីជីថលភាវូបនីយកម្ម។ ផ្កាយរណប Beidou-៣ បានផ្តល់សេវាកម្មនាំផ្លូវគ្រប់ជ្រុងជ្រោយ ដល់ខ្សែផ្លូវរថភ្លើងចិន-អឺរ៉ុប និងការដឹកជញ្ជូនតាមនាវាចរណ៍ជាដើម។ល។ គម្រោងទាំងនេះ មិនត្រឹមតែបានលើកកម្ពស់យ៉ាងខ្លាំង នូវកម្រិតសាងសង់ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានឌីជីថល របស់បណ្តាប្រទេសដែលរួមគ្នាកសាងប៉ុណ្ណោះទេ ថែមទាំងក៏បានកែប្រែជីវភាពរស់នៅ របស់ប្រជាជនជាច្រើនផងដែរ។

បន្ទាប់ពីការសន្សំនូវបទពិសោធន៍អស់រយៈពេល១០ឆ្នាំ កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចឌីជីថលនៃ "ខ្សែក្រវាត់និងផ្លូវ" បានឈរនៅទីចាប់ផ្តើមថ្មី។ ទំហំសេដ្ឋកិច្ចឌីជីថលរបស់ចិនក្នុងឆ្នាំ២០២២ បានជាប់ចំណាត់ថ្នាក់ទី២លើពិភពលោក។ នៅពេលអនាគត ឆ្លងតាមរយៈការបង្កើតតំបន់នាំមុខធ្វើកិច្ចសហប្រតិបត្តិការ "ធុរកិច្ចអេឡិចត្រូនិកផ្លូវសូត្រ" និងរៀបចំ "ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល" ប្រទេសចិននឹងលើកកម្ពស់ប្រសិទ្ធិភាពនៃកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ចឌីជីថលជាមួយបណ្តាប្រទេស ដែលរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" ក៏ដូចជាត្រួសត្រាយចន្លោះអភិវឌ្ឍន៍ថ្មី សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងបណ្តាប្រទេសនានា។

ឈានចូលរយៈពេល១០ឆ្នាំថ្មីនៃការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" ប្រកបដោយគុណភាពខ្ពស់ ប្រទេសចិននឹងបន្តជំរុញការច្នៃប្រឌិតថ្មី និងការចែករំលែកបច្ចេកវិទ្យាឌីជីថល ដើម្បីធ្វើឱ្យបណ្តាប្រទេសដែលរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" សម្រេចបាននូវទំនើបកម្មក្នុងពេលឆាប់ៗ តាមរយៈ "ផ្លូវសូត្រឌីជីថល" នេះ៕

អត្ថបទដោយវិទ្យុមិត្តភាពកម្ពុជាចិន