(ឌូបៃ)៖ រដ្ឋមន្ត្រីការពារជាតិអ៉ីរ៉ង់ លោក Mohammad-Reza Ashtiani បាននិយាយតាមទូរស័ព្ទជាមួយសមភាគីស៊ីរី លោក Ali Mahmoud Abbas ថាអ្វីដែលអ៉ីស្រាអែលកំពុងធ្វើនៅតំបន់ហ្កាហ្សាស្ទ្រីប គឺជាការសម្លាប់នយោបាយខ្លួនឯង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣។

លោក Ashtiani ត្រូវបានដកស្រង់សម្តីដែលគូសបញ្ជាក់ថា «រាល់ការបំពានច្បាប់ទាំងអស់នៃសង្គ្រាម និងសិទ្ធិមនុស្ស ដោយជនជាតិជ្វីប (អ៉ីស្រាអែល) កំពុងបំផុសគំនិតសាធារណៈជាសកលប្រឆាំងនឹងរបបនេះ។ សកម្មភាពទាំងអស់នេះ កំពុងនាំទៅរកការសម្លាប់នយោបាយរបស់ខ្លួន»។ លោក Ashtiani បានបន្ថែមថា «ការបិទខ្ទប់ហ្កាហ្សាស្ទ្រីប និងការរឹតបន្តឹងលើជំនួយសម្រាប់តំបន់ទាំងមូល កំពុងត្រួសត្រាយផ្លូវទៅរកគ្រោះមហន្តរាយផ្នែកមនុស្សធម៌»

គួរបញ្ជាក់ថា អ៉ីស្រាអែល ដែលប្តេជ្ញាម្តងហើយម្តងទៀតនឹងកម្ចាត់ក្រុមហាម៉ាសចោលទាំងស្រុង បាននិយាយថា យុទ្ធនាការវាយប្រហារតាមផ្លូវអាកាស របស់ខ្លួន មានគោលដៅលើក្រុមមេបញ្ជាការនិងហេដ្ឋារចនាសម្ព័ន្ធរបស់ពួកហាម៉ាស។ យ៉ាងណាមិញ ក្រសួងសុខាភិបាលតំបន់ Gaza ដែលគ្រប់គ្រងដោយហាម៉ាស បានអះអាងកាលពីថ្ងៃអាទិត្យថា ជនជាតិប៉ាឡេស្ទីនលើស៤,៦០០នាក់ហើយ ត្រូវបានសម្លាប់ដោយការទម្លាក់គ្រាប់បែក ក្នុងនោះមានកុមារជាង១,៨០០នាក់៕

រូបភាពពី AFP