(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ប្តេជ្ញាឲ្យមានលំហូរជំនួយមនុស្សធម៌ចូលទៅក្នុង តំបន់ហ្កាហ្សាស្ទ្រីបបន្តទៀត ខណៈ​​ក្បួនថ្មីនៃរថយន្ត​ដឹកជំនួយ​ ១៤​គ្រឿង​ បាន​ទៅ​ដល់ដែនដី​ប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣។

ដោយនាពេលនេះ ក្បួនរថយន្តដឹកជំនួយសរុប២ក្បូនហើយ បានទៅចូលដល់តំបន់ហ្កាហ្សា សេតវិមាន បានឲ្យដឹងថា អ៉ីស្រាអែលបានយល់ព្រមឲ្យមាន ការបន្តនាំយកជំនួយបន្ថែមទៀតទៅកាន់តំបន់នេះ។ អង្គការសហប្រជាជាតិ (UN) បានប៉ាន់ប្រមាណថា តំបន់ហ្កាហ្សា ត្រូវការជំនួយប្រហែល ១០០រថយន្តក្នុងមួយថ្ងៃ ដើម្បីបំពេញតម្រូវការរបស់អ្នកស្រុកចំនួន ២.៤លាននាក់។

ប្រធានទីភ្នាក់ងារជំនួយរបស់ UN លោក Martin Griffiths បាននិយាយថា ការផ្តល់ស្បៀងអាហារ ទឹក និងការផ្គត់ផ្គង់ ផ្នែកវេជ្ជសាស្រ្តថ្មីចុងក្រោយនេះ គឺគ្រាន់តែជាក្តីសង្ឃឹមតូចមួយប៉ុណ្ណោះ សម្រាប់មនុស្សរាប់លាននាក់ដែលត្រូវការជំនួយមនុស្សធម៌យ៉ាងខ្លាំង។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរដែលគ្រប់គ្រងដោយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា មនុស្ស ៨០នាក់ទៀតត្រូវបានសម្លាប់ និងផ្ទះចំនួន ៣០ខ្នងរងការបំផ្លាញនៅក្នុងការទម្លាក់គ្រាប់បែកថ្មីចុងក្រោយ របស់អ៉ីស្រាអែល៕

រូបភាពពី Reuters