(ហ៊្សេរុយសាឡិម)៖ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល បាននិយាយថា សង្រ្គាមដែលកំពុងប្រព្រឹត្តទៅ ប្រឆាំងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន អាចនឹងអូសបន្លាយពេលច្រើនខែ ក៏ប៉ុន្តែលោកបានអះអាងថា វានឹងជាសង្រ្គាមចុងក្រោយបង្អស់ ជាមួយពួកហាម៉ាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣។
ប្រមុខការពារជាតិអ៉ីស្រាអែល លោក Yoav Gallant បានបង្កើនសង្រ្គាមពាក្យសម្តីបែបនេះជាមួយក្រុមហាម៉ាស ខណៈលោកបានជួបសន្ទនាជាមួយកងកម្លាំងយោធាអ៉ីស្រាអែល ដែលបានប្រមូលផ្តុំគ្នាត្រៀមសម្រាប់អ្វីដែលគេរំពឹង នឹងជាការបើកប្រតិបត្តិការយោធាជើងគោកទ្រង់ទ្រាយធំ ចូលទៅកាន់ដែនដីប៉ាឡេស្ទីន Gaza Strip ដែលគ្រប់គ្រងដោយហាម៉ាស ឆ្លើយតបចំពោះការឆ្មក់វាយប្រហារដ៏ភ្ញាក់ផ្អើល របស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ លើទឹកដីអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា។ បើតាមក្រុមមន្រ្តីអ៉ីស្រាអែល ការវាយប្រហាររបស់ក្រុមហាម៉ាស បានបន្សល់ទុកមនុស្សស្លាប់ប្រហែល១,៤០០នាក់ ដែលជាការវាយប្រហារដ៏ប្រល័យបំផុត ក្នុងប្រវត្តិសាស្រ្តអ៉ីស្រាអែល។
លោករដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល បានលើកឡើងដូច្នេះថា «វាអាចនឹងចំណាយពេល១ខែ ២ខែ ឬ៣ខែ ប៉ុន្តែនៅទីបញ្ចប់នឹងលែងមានវត្តមានហាម៉ាសតទៀតឡើយ។ មុនពេលក្រុមហាម៉ាសប៉ះគ្នាទង្គិចគ្នាផ្ទាល់ ជាមួយរថក្រោះនិងកងទ័ពរបស់យើង ពួកគេនឹងបន្តរងការទម្លាក់គ្រាប់បែកពីកងទ័ពអាកាសយើង។ នេះនឹងជាសង្រ្គាមលើកចុងក្រោយបង្អស់នៅ Gaza ដោយសារតែហេតុផលសាមញ្ញបំផុត គឺការលែងមានមុខពួកហាម៉ាសតទៅទៀត។
អ៉ីស្រាអែល ដែលប្តេជ្ញាម្តងហើយម្តងទៀតនឹងកម្ចាត់ក្រុមហាម៉ាសចោលទាំងស្រុង បាននិយាយថា យុទ្ធនាការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួន មានគោលដៅលើក្រុមមេបញ្ជាការនិងហេដ្ឋារចនាសម្ព័ន្ធរបស់ពួកហាម៉ាស។ យ៉ាងណាមិញ ក្រសួងសុខាភិបាលតំបន់ Gaza ដែលគ្រប់គ្រងដោយហាម៉ាស បានអះអាងកាលពីថ្ងៃអាទិត្យថា ជនជាតិប៉ាឡេស្ទីនលើស៤,៦០០នាក់ហើយ ត្រូវបានសម្លាប់ដោយការទម្លាក់គ្រាប់បែក ក្នុងនោះមានកុមារជាង១,៨០០នាក់៕
រូបភាពពីក្រសួងការពារជាតិអ៉ីស្រាអែល