(ប៉េកាំង)៖ ឧបនាយករដ្ឋមន្រ្តីស៊ែប៊ី បាននិយាយថា បរិក្ខារយោធារបស់ប្រទេសចិន បានជួយពង្រឹងសមត្ថភាពកងកម្លាំងប្រដាប់អាវុធ របស់​ប្រទេសលោកយ៉ាងធំធេង ជាពិសេសគឺប្រព័ន្ធការពារដែនអាកាសនិងយន្តហោះដ្រូន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣។

ក្នុងបទសម្ភាសមួយ ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ដោយប្រព័ន្ធផ្សព្វផ្សាយចិន Global Times ឧបនាយករដ្ឋមន្រ្តីស៊ែប៊ី លោក Milos Vucevic ដែលកាន់តួនាទីជារដ្ឋមន្រ្តីការពារជាតិផងដែរនោះ បាននិយាយដូច្នេះថា «ពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគីស៊ែប៊ី-ចិន ខ្ញុំចង់គូសរំលេចពីកិច្ចសហប្រតិបត្តិការយោធា-យោធា រួមជាមួយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការវិនិយោគជាច្រើនផ្សេងទៀត ដែលមានសារសំខាន់ជាខ្លាំងសម្រាប់ប្រទេសរបស់យើង»

លោក Vucevic បានអះអាងថា ប្រព័ន្ធប្រឆាំងយន្តហោះចម្បាំងរយៈចម្ងាយមធ្យម FK-3 ព្រមទាំងយន្តហោះដ្រូន CH-95 និង CH-92A របស់ប្រទេសចិន ច្បាស់ណាស់គឺស្ថិតក្នុងចំណោមប្រព័ន្ធការពារដ៏សំខាន់បំផុត ដែលស៊ែប៊ីបានទិញពីបរទេស។ ប្រទេសតំបន់បាល់កានមួយនេះ បានតាំងបង្ហាញប្រព័ន្ធមីស៉ីលការពារដែនអាកាសផលិតដោយចិន រួមជាមួយបរិក្ខារយោធាដទៃទៀត ដែលខ្លួនបានទិញពីរុស្ស៉ីផងនិងលោកខាងលិចផង កាលពីខែមេសា ឆ្នាំ២០២២។ ស៊ែប៊ីបានសម្រេចទិញប្រព័ន្ធ FK-3 ដែលស្រដៀងទៅនឹងប្រព័ន្ធ S-300 របស់រុស្ស៉ី កាលពីឆ្នាំ២០១៩ ហើយទទួលបានវាកាលពីឆ្នាំមុន។

គួរបញ្ជាក់ថា ​ប៉ុន្មានខែចុងក្រោយនេះ ភាពតានតឹងបានកើនឡើងខ្ពស់រវាងស៊ែប៊ី និងកូសូវ៉ូ ដែលធ្លាប់ជាផ្នែករបស់ស៊ែប៊ី ហើយបានប្រកាស​ឯករាជ្យកាលពីឆ្នាំ២០០៨ ក្រោយផ្ទុះការបះបោរប្រដាប់អាវុធ និងការធ្វើអន្តរាគមន៍របស់អង្គការ NATO កាលពីឆ្នាំ១៩៩៩។ អំលុងទស្សនកិច្ចរបស់ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic កាលពីសប្តាហ៍មុន ទៅកាន់ទីក្រុងប៉េកាំង ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានអំពាវនាវឱ្យមាន កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តកាន់តែរឹងមាំថែមទៀតជាមួយស៊ែប៊ី ហើយលោក ស៉ី បានសន្យាផ្តល់​ការគាំទ្រដល់ស៊ែប៊ី ក្នុងកិច្ចរក្សាការពារអធិបតេយ្យ ក៏ដូចជាបូរណភាពដែនដីរបស់ខ្លួន៕

រូបភាពពី Reuters