(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ទីក្រុងសេអ៊ូល ព្រមទាំងជប៉ុននិងសហរដ្ឋអាមេរិក ទើបតែបាន​ធ្វើសមយុទ្ធយោធាផ្លូវអាកាសរួមគ្នា នៅក្បែរឧបទ្វីបកូរ៉េ ដោយវាគឺជាលើកដំបូងបំផុតរវាងប្រទេសទាំង៣។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣។

កងទ័ពអាកាសយោធាខាងត្បូង បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា លំហាត់យោធានោះ មានគោលដៅពង្រីកបន្ថែម នូវសមត្ថភាពឆ្លើយតប​របស់ប្រទេសទាំង៣ ប្រឆាំងនឹងការគំរាមកំហែងនៃមីស៉ីលបាលិស្ទីគ និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ វាបានប្រព្រឹត្តដោយមានការចូលរួមពី ​យន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរអាមេរិក B-52 ១គ្រឿង រួមជាមួយក្រុមយន្តហោះចម្បាំងរបស់កូរ៉េខាងត្បូង ជប៉ុន និងអាមេរិក។ អំលុង​កិច្ចប្រជុំកំពូលនៅសហរដ្ឋអាមេរិក កាលពីខែសីហា ឆ្នាំនេះ មេដឹកនាំប្រទេសទាំង៣ បានព្រមព្រៀងគ្នាបង្កើនការធ្វើសមយុទ្ធយោធារួម ហើយបង្កើត​ខ្សែទូរសព្ទបន្ទាន់ត្រីភាគី សម្រាប់ការទាក់ទងពេលមានគ្រាអាសន្ន។

គួរបញ្ជាក់ថា សមយុទ្ធយោធាផ្លូវអាកាសខាងលើ គឺជាកិច្ចប្រឹងប្រែងថ្មីចុងក្រោយបំផុត របស់ទីក្រុងវ៉ាស៉ីនតោន និងសម្ព័ន្ធមិត្តអាស៉ីទាំង២ របស់ខ្លួន ក្នុងការពង្រឹងចំណងទាក់ទងរវាងគ្នា ចំពោះមុខភាពតានតឹងជាមួយកូរ៉េខាងជើង ក៏ដូចជាការកើនឡើងឥទ្ធិពលរបស់ចិននៅក្នុងតំបន់។ កាលពីថ្ងៃអាទិត្យ កងទ័ពជើងទឹកកូរ៉េខាងត្បូងនិងអាមេរិក ក៏ទើបតែបានបញ្ចប់ការធ្វើសមយុទ្ធយោធារួម ដែលផ្តោតលើការប្រឆាំងនាវាមុជទឹក ផងដែរ៕

រូបភាពពីទីបញ្ជាការយោធារបស់សហរដ្ឋអាមេរិកប្រចាំឥណ្ឌូ-ប៉ាស៉ីហ្វិក