(ហ្កាហ្សា)៖ ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន ហៅកាត់ UNRWA បានឱ្យដឹងកាលពីថ្ងៃអាទិត្យកន្លងទៅថា បុគ្គលិករបស់ខ្លួនសរុបចំនួន២៩នាក់ហើយ បានស្លាប់នៅតំបន់ Gaza គិតចាប់តាំងពីសង្រ្គាម​រវាងក្រុមហាម៉ាសប៉ាឡេស្ទីន និងអ៉ីស្រាអែលបានផ្ទុះឡើងមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣។

ទីភ្នាក់ងារ UNRWA បានបង្ហោះសារដូច្នេះថា «យើងកំពុងស្ថិតក្នុងភាពតក់ស្លុតនិងការកាន់ទុក្ខ។ ឥឡូវនេះការផ្ទៀងផ្ទាត់បានបង្ហាញថា អ្នករួមការងារយើងសរុប២៩នាក់ហើយ បានបាត់បង់ជីវិតនៅ Gaza Strip ចាប់តាំងតែពីថ្ងៃទី៧ ខែតុលាមក។ ពាក់កណ្តាលនៃអ្នកទាំងនោះ គឺជាគ្រូបង្រៀននៅសាលារបស់ UNRWA»។ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន តួលេខបុគ្គលិករបស់ UNRWA ដែលស្លាប់ គឺ១៧នាក់។ បើតាមទីភ្នាក់ងារ UNRWA មនុស្ស១២នាក់បានស្លាប់ និងជិត១៨០នាក់បានរងរបួស នៅតាមសាលារៀនរបស់ខ្លួន ខណៈសាលា UNRWA សរុបប្រហែល៣៨កន្លែង បានរងការខូចខាតដោយសារការទម្លាក់គ្រាប់បែក។

គួរបញ្ជាក់ថា ប្រជាជនតំបន់ Gaza ជាច្រើននាក់ បាននាំគ្នារត់ភៀសខ្លួនទៅជ្រកកោន នៅតាមអគារសាលារៀនរបស់ UNRWA ចាប់តាំងពី​អ៉ីស្រាអែលបានបើកយុទ្ធនាការទម្លាក់គ្រាប់បែក ដើម្បីសងសឹកចំពោះការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៉ីស្រាអែល ដែលបានសម្លាប់​មនុស្ស១,៤០០នាក់។ រីឯប្រជាជនប៉ាឡេស្ទីនកើនដល់ជាង ៤,៦០០នាក់បានស្លាប់ ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ហើយអ៉ីស្រាអែលក៏បានកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី ទឹក ស្បៀងអាហារ និងឥន្ធនៈ សម្រាប់តំបន់ Gaza Strip ផងដែរ៕

រូបភាពពី AFP