(មូស្គូ)៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី បាននិយាយថា នៅថ្ងៃចន្ទនេះ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov នឹងទៅដល់ទីក្រុងតេហេរ៉ង់នៃប្រទេសអ៉ីរ៉ង់ ដើម្បីបើកកិច្ចពិភាក្សាជាមួយបណ្តាសមភាគីនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣។
ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អ៉ីរ៉ង់ IRNA បានរាយការណ៍ថា ក្រុមរដ្ឋមន្រ្តីការបរទេសមកពីរុស្ស៉ី តួកគី អាស៊ែបៃហ្សង់ ព្រមទាំងអាមេនី ត្រូវបានអញ្ជើញឱ្យទៅចូលរួមបើកកិច្ចពិភាក្សា នៅទីក្រុងតេហេរ៉ង់។ អ្នកនាំពាក្យក្រសួងបរទេសរុស្ស៉ី លោកស្រី Mari Zakharova បានបញ្ជាប់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា លោក Lavrov នឹងទៅដល់ទីក្រុងតេហេរ៉ង់នាថ្ងៃចន្ទនេះ សម្រាប់កិច្ចពិភាក្សា។
គួរបញ្ជាក់ថា កិច្ចពិភាក្សាខាងលើកើតឡើង ចំពេលមានភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា បូករួមជាមួយជម្លោះមិនទាន់ដោះស្រាយដាច់ស្រេច រវាងអាមេនីនិងអាស៊ែបៃហ្សង់។ កាលពីខែកញ្ញា អាស៊ែបៃហ្សង់បានបើកប្រតិបត្តិការយោធា ដែលទទួលជោគជ័យយ៉ាងឆាប់រហ័ស ប្រឆាំងក្រុមផ្តាច់ខ្លួនអាមេនីនៅឯតំបន់ Nagorno-Karabakh។ ដោយឡែក បញ្ជីឈ្មោះនៃអ្នកចូលរួមកិច្ចពិភាក្សា ក្នុងតំបន់នៅប្រទេសអ៉ីរ៉ង់ គឺមិនទាន់ត្រូវបានបញ្ចេញជាសាធារណៈនៅឡើយទេ៕
រូបភាពពី AFP