(ញូវដេលី)៖ ឥណ្ឌា បាននិយាយនៅថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា ទំនាក់ទំនងរបស់ខ្លួនជាមួយកាណាដា កំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកមួយ ហើយ បន្តមានការជ្រៀតជ្រែកពីបុគ្គលិកកាណាដាមួយចំនួន ចំពោះកិច្ចការផ្ទៃក្នុងរបស់ទីក្រុងញូវដេលី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣។

រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បានគូសបញ្ជាក់ថា «ទំនាក់ទំនងបច្ចុប្បន្នកំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាក។ ខ្ញុំចង់និយាយថា យើងកំពុងមានបញ្ហាជាមួយអ្នកនយោបាយកាណាដាមួយចំនួនដែលបង្កការបែកបាក់ និងគោលនយោបាយមួយចំនួនរបស់ពួកគេ»

លោក Jaishankar បានបន្ថែមថា «ឥណ្ឌា អំពាវនាវឲ្យមានភាពស្នើគ្នាផ្នែកខាងការទូត ក្រោមអនុសញ្ញាទីក្រុងវីយែន ដោយសារតែយើងមានការព្រួយបារម្ភពី ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងជាបន្តបន្ទាប់ពីសំណាក់បុគ្គលកាណាដាខ្លះ»

គួរបញ្ជាក់ថា ទំនាក់ទំនងឥណ្ឌា-កាណាដាកាន់តែធ្លាក់ចុះ ក្រោយពេលដែលលោកនាយករដ្ឋមន្ត្រី Justin Trudeau បានលើកឡើងពីភាពជាប់ពាក់ព័ន្ធដែលអាច ទុកចិត្តបានរបស់ភ្នាក់ងាររដ្ឋាភិបាលឥណ្ឌាទៅនឹងការសម្លាប់មេដឹកនាំផ្តាច់ខ្លួន Sikh ក្នុងខេត្ត British Columbia ។ តែឥណ្ឌាបាន​បដិសេធ​ ហើយប្រទេសទាំង២ បានបណ្តេញបុគ្គលិកការទូត ចេញពីប្រទេសរៀងៗខ្លួន៕

រូបភាពពី Reuters