(គែរ)៖ អ្នកនាំពាក្យរបស់កងទ័ពអេហ្ស៉ីប បាននិយាយថា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ឆ្មាំព្រំដែនជាច្រើននាក់របស់ខ្លួន ត្រូវរងរបួសស្រាលក្រោយ រងការវាយប្រហារដោយចៃដន្យ ពីកម្ទេចកំទីនៃគ្រាប់រថក្រោះរបស់អ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣។

យោធាអ៉ីស្រាអែល ក៏បានទទួលស្គាល់ដែរថា រថក្រោះមួយរបស់ខ្លួនបានវាយប្រហារលើទីតាំងមួយរបស់អេហ្ស៉ីបដោយចៃដន្យ នៅជិតព្រំដែនជាមួយតំបន់ ហ្កាហ្សា។ កងកម្លាំងការពារជាតិអ៉ីស្រាអែល បានសម្តែងការសោកស្ដាយចំពោះឧប្បត្តិហេតុនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ហើយថាកំពុងស៉ើបអង្កេត ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។

គួរបញ្ជាក់ថា ឧប្បត្តិហេតុនេះកើតឡើងចំពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងអ៉ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា។ សង្រ្គាមនេះបានផ្ទុះឡើង កាលពីថ្ងៃទី៧ ខែតុលា បន្ទាប់ពីក្រុមសកម្មប្រយុទ្ធគ្រប់គ្រងតំបន់ហ្កាហ្សាមួយនេះ បើកការវាយប្រហារលើអ៉ីស្រាអែល ដោយសម្លាប់មនុស្សជាង ១,៤០០នាក់ និងចាប់មនុស្សជាង ២០០នាក់ជាចំណាប់ខ្មាំង។ អ៉ីស្រាអែលវិញ បានបើកវាយប្រហារសងសឹកដោយទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សា សម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤,៦០០នាក់ និងកំពុងបង្កើនការទម្លាក់គ្រាប់បែកឥតឈប់ឈរ៕

រូបភាពពី Reuters