(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃចន្ទ ទី២៣ ខែតុលានេះបានឱ្យដឹងថាទីក្រុងប៉េកាំងមើលឃើញថាស្ថានភាពនៅក្នុងតំបន់ហ្កាហ្សា កាន់តែមាន សភាពធ្ងន់ធ្ងរឡើង នៅចំពោះមុខហានិភ័យនៃសង្រ្គាមជើងគោកទ្រង់ទ្រាយធំ ​និងរាលដាលនៃជម្លោះប្រដាប់អាវុធនៅតាមបណ្ដោយព្រំដែន។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន តាមរយៈការស្រង់សម្ដីរបស់បេសកជនពិសេសចិនទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ា លោក Zhai Jun បានឱ្យដឹងថាផលប៉ះពាល់នៅក្នុងតំបន់ និងអន្តរជាតិគឺមានវិសាលភាពធំធេង ដ្បិតជម្លោះនៅតាមបណ្ដោយព្រំដែនរវាងអ៉ីស្រាអែល និងលីបង់ និងរវាងអ៉ីស្រាអែល និងស៊ីរី រាលដាលកាន់តែធំ ដែលនេះពិតជាគួរឱ្យព្រួយបារម្ភ។

លោក Zhai Jun បានអំពាវនាវសហគមន៍អន្តរជាតិបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងចាត់វិធានការសកម្មភាពជាបន្ទាន់ ជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តយ៉ាង ម៉ឺងម៉ាត់តាមច្បាប់មនុស្សធម៌អន្តរជាតិ និងដើម្បីបញ្ចៀសរាល់មហន្តរាយមនុស្សធម៌ ខណៈចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងស្ថានការណ៍។

គួរបញ្ជាក់ថា បើតាមលោក Zhai Jun ចិននឹងបន្តរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយសហគមន៍អន្តរជាតិ ក្នុងនោះរួមមានបណ្ដាប្រទេសអារ៉ាប់ ហើយលោកនឹង ធ្វើទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត ហ្ស៊កដានី និងបណ្ដាប្រទេសដៃក្នុងតំបន់ ដើម្បីពង្រឹងកិច្ចសម្របសម្រួលឆ្ពោះទៅរកការបិទបញ្ចប់ជម្លោះ៕

រូបភាពពី Reuters