(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានពិភាក្សាពីសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងនៅវ៉ាស៊ីនតោន) ជាមួយបណ្ដាមេដឹកនាំលោកខាងលិច ខណៈអ៉ីស្រាអែលបង្កើនការទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣។

តាមសេតវិមាន មេដឹកនាំលោកខាងលិចដែលលោក បៃដិន បានជជែកជាមួយ ក្នុងនោះរួមមានមេដឹកនាំចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ និងអ៉ីតាលី។ សេតវិមានបានបញ្ជាក់បន្ថែមថាមេដឹកនាំនៃប្រទេសទំាងនេះបានបញ្ជាក់ឡើងវិញពីការគាំទ្ររបស់ពួកគេចំពោះអ៉ីស្រាអែល និងសិទ្ធិ ស្វ័យការពារខ្លួនរបស់អ៉ីស្រាអែលប្រឆាំងនឹងភេរវកម្ម ព្រមទាំងអំពាវនាវឱ្យមានការចូលរួមការអនុវត្តតាមច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងនោះរួមមាន ការការពារជនស៊ីវិល។ មេដឹកនាំទាំងនេះក៏បានពិភាក្សាគ្នាផងដែរពីពលរដ្ឋរបស់ពួកគេដែលកំពុងជាប់គាំងនៅក្នុងសង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាស និងជាពិសេសចំពោះអ្នកដែលចង់ចាកចេញពីតំបន់ហ្កាហ្សា។

គួរបញ្ជាក់ថា សង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាស បានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា បន្ទាប់ពីក្រុមសកម្មប្រយុទ្ធគ្រប់គ្រងតំបន់ហ្កាហ្សាមួយនេះ បើកការវាយប្រហារលើអ៉ីស្រាអែល ដោយសម្លាប់មនុស្សជាង ១,៤០០នាក់ និងចាប់មនុស្សជាង ២០០នាក់ជាចំណាប់ខ្មាំង។ អ៉ីស្រាអែលវិញ បានបើកវាយប្រហារសងសឹកដោយទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សា សម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤,៦០០នាក់ និងកំពុងបង្កើនការទម្លាក់គ្រាប់បែក ឥតឈប់ឈរ៕

រូបភាពពី Reuters