(ហ្ស៊េរុយសាឡិម)៖ យោធាអ៉ីស្រាអែល បាននិយាយថាការកើនឡើងនៃការវាយប្រហាររបស់ក្រុម Hezbollah លើអ៉ីស្រាអែល កំពុងអូសលីបង់ឱ្យចូលរួម ក្នុងសង្រ្គាម បន្ទាប់ពីការបាញ់ផ្លោងឆ្លងដែនដាក់គ្នាទៅវិញទៅមក កើតឡើងសាជាថ្មីដោយកំពុងបង្កឱ្យមានការភ័យខ្លាចពីការផ្ទុះរាលដាលសង្រ្គាម កាន់តែធំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០២៣។

អ្នកនាំពាក្យយោធាអ៉ីស្រាអែល លោក Jonathan Conricus បានចោទប្រកាន់ថាក្រុម Hezbollah មានមូលដ្ឋានក្នុងប្រទេសលីបង់ និងជាសម្ព័ន្ធមិត្តរបស់ ក្រុមហាម៉ាស កំពុងបង្កគ្រោះថ្នាក់កាន់តែខ្លាំងឡើង។ អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ នៅថ្ងៃអាទិត្យនេះដូច្នេះថា «Hezbollah កំពុងអូសលីបង់ឱ្យ ធ្លាក់ចូលក្នុងសង្រ្គាមមួយដែលគ្មានប្រយោជន៍អ្វីទាំងអស់ ប៉ុន្តែមានតែការខាតបង់។ ដូច្នេះថាតើរដ្ឋលីបង់ពិតជាចង់បំផ្លាញភាពរុងរឿង និងអធិបតេយ្យ របស់ខ្លួនដើម្បីតែក្រុមភេរវករក្នុងតំបន់ហ្កាហ្សា នោះគឺជាសំណួរដែលអាជ្ញាធរលីបង់ត្រូវចោទសួរ និងឆ្លើយដោយខ្លួនឯង»។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែតុលានេះ យោធាអ៉ីស្រាអែល បានរាយការណ៍ពីការប៉ុនប៉ងវាយប្រហារដោយប្រើប្រាស់មីស៊ីលប្រឆាំងរថក្រោះ ឆ្ពោះទៅកាន់តំបន់ Avivim របស់អ៉ីស្រាអែលស្ថិតនៅតាមបណ្ដោយព្រំដែនជាមួយលីបង់។ ប៉ុន្តែ ការវាយប្រហារនេះត្រូវបានទប់ស្កាត់ទាន់ពេលវេលា។

ចាប់តាំងពីមានការវាយប្រហារពីសំណាក់ក្រុមហាម៉ាស លើអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលាមក ការបាញ់ផ្លោងឆ្លងដែនដាក់គ្នាទៅវិញទៅមក បានផ្ទុះឡើងជារឿយៗ ដោយបានសម្លាប់មនុស្ស ៤នាក់ នៅអ៉ីស្រាអែល ក្នុងមានទាហាន៣នាក់ និងជនស៊ីវិលម្នាក់។ ចំណែក បើតាម AFP នៅឯ ភាគខាងត្បូងប្រទេសលីបង់វិញ មានមនុស្សយ៉ាងហោច ២៧នាក់ ត្រូវបានសម្លាប់ ក្នុងនោះភាគច្រើនជាអ្នកប្រយុទ្ធ និង៤នាក់ជាជនស៊ីវិល ក្នុងនោះ មានទាំងអ្នកសារព័ត៌មាន Reuters ម្នាក់ផងដែរ៕

រូបភាពពី AFP