(ហ្កាហ្សា)៖ សង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន បានឈានចូលថ្ងៃទី១៤ហើយ។ សង្គ្រាមនេះ ត្រូវគេបារម្ភថា នឹងអាចក្លាយជាសង្គ្រាម រាលដាលដល់ពិភពអារ៉ាប់បើសិនជាក្រុម Hezbollah នឹងហក់ចូលរួមប្រយុទ្ធប្រឆាំងអ៊ិស្រាអែល។ ពេលនេះក្រុម Hezbollah បានព្រមានជាបណ្តើរ មកហើយថាបើអ៊ិស្រាអែលមិនបញ្ឈប់ការវាយប្រហារដាក់លើតំបន់ Gaza ទេ, ពួកគេនឹងប្រ ឡូកចូលក្នុងសង្គ្រាមនេះ។ តើអ៊ីស្រាអែលនឹងបណ្តាយឱ្យ ក្រុម Hezbollah ចូលមកធ្វើអន្តរា គមន៍ក្នុងសង្គ្រាមនេះដែរឬទេ?

សង្គ្រាមអ៊ីស្រាអែលជាមួយនឹងក្រុមហាម៉ាសប៉ាឡេស្ទីនបានឈានចូលដល់ថ្ងៃទី១៤ហើយ គិតត្រឹមថ្ងៃសុក្រ ទី២០ តុលា ឆ្នាំ២០២៣។ ខណៈដែល អ៊ីស្រាអែលបន្តការបាញ់ផ្លោងតាមផ្លូវអាកាសដាក់ចូលក្នុងតំបន់ Gaza Strip ជាមួយនឹងការឡោមព័ទ្ធបិទច្រកចេញចូល និងកាត់ផ្តាច់ការផ្គត់ផ្គង់ នានានោះ ក្តីបារម្ភថានឹងការមានទំនាស់វាយប្រហារដែលផ្ទុះចេញពីប្រទេសលីបង់ដែលមានក្រុមចលនាអ៊ីស្លាម Hezbollah គាំទ្រក្រុមហាម៉ាស នឹងអាចផ្ទុះឡើងគ្រប់ពេលវេលា។

អ៊ីស្រាអែលមានបណ្តោយព្រំដែនរួមរបស់ខ្លួនប្រវែង១៣០គីឡូម៉ែត្រជាមួយ នឹងប្រទេសលីបង់។ សេចក្តីរាយការណ៍បានបង្ហាញថា មានយុទ្ធជន Hezbollah បានបង់ជីវិតច្រើននាក់ហើយ ដោយសារតែការបាញ់ប្រហាររបស់អ៊ីស្រាអែលដាក់តាមតំបន់ព្រំដែលលីបង់ខណៈមានការវាយប្រហារ ទៅវិញទៅមកខ្លះរវាងអ៊ីស្រាអែលនិងក្រុម Hezbollah។ អនុប្រធានក្រុម Hezbollah បានថ្លែងព្រមានថាក្រុម Hezbollah នឹងចូលប្រឡូកក្នុងសង្គ្រាម បើសិនជាអ៊ីស្រាអែលនៅតែបន្តការបាញ់ផ្លោង និងវាយប្រហារតាមផ្លូវអាកាសមិនឈប់ឈរដាក់មកលើតំបន់ Gaza នោះ។

អនុប្រធានក្រុម Hezbollah ក្នុងប្រទេសលីបង់ លោក Naim Qassem បានថ្លែងព្រមានថា «យើងនឹងធ្វើសកម្មភាពនៅបន្ទាប់ពីមានសកម្មភាពរបស់ សត្រូវ… យើងបានត្រៀមខ្លួនរួចជាស្រេច…នៅគ្រាណាដែលពេលវេលាមកដល់ត្រូវធ្វើសកម្មភាព, យើងនឹងត្រូវធ្វើសកម្មភាពភ្លាម»។ ក្រុម Hezbollah គឺជាចលនាអ៊ីស្លាមនិយមគាំទ្រដោយអ៊ីរ៉ង់ និងជាកងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពលបំផុតមួយនៅមជ្ឈិមបូព៌ា។ ក្រុម Hezbollah ដែលមានមូលដ្ឋាន សំខាន់របស់ខ្លួន នៅតាមព្រំដែនអ៊ីស្រាអែល-លីបង់ អាចក្លាយជាអ្នកលេងល្បែងប្រយុទ្ធនៅក្នុងសង្រ្គាម ហាម៉ាស-អ៊ីស្រាអែល ហើយអាចនឹងបង្កឱ្យ ជម្លោះក្នុងតំបន់កាន់តែរាលដាលពាសពេញនៅក្នុងតំបន់។

ជម្លោះដែលបានចាប់ផ្តើមជាមួយនឹងការវាយប្រហារដ៏សាហាវរបស់ក្រុមហាម៉ាសទៅលើអ៊ីស្រាអែលដែលមានការអះអាងថាបានសម្លាប់មនុស្ស១ពាន់៤០០នាក់នោះ បានបង្កើតនូវផលវិបាកដ៏ធំធេងមួយក្នុងតំបន់មជ្ឈិមបូព៌ា និងដោយសារតែព្រឹត្តិការណ៍នោះហើយ បាននាំឱ្យមានភាពប្រេះឆាក្នុងរង្វង់ ការទូត និងមានបាតុកម្មជំទាស់ពាសពេញពិភពលោក។ បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ តុលា រួចមកនោះ, ការវាយប្រហារតាមអាកាសរបស់ អ៊ីស្រាអែល ត្រូវក្រុមសុខាភិបាលប៉ាឡេស្ទីននិយាយថា បានសម្លាប់មនុស្សជាង៣ពាន់៥០០នាក់ ហើយនៅក្នុងតំបន់ GAZA។

ផលវិបាកផ្តើមចេញពីព្រឹត្តិការណ៍ថ្ងៃទី៧តុលានាំបានធ្វើឱ្យគេឃើញកើតមានភាពរកាំរកូស នៅតាមព្រំដែនលីបង់-អ៊ីស្រាអែល ដែលជាកន្លែង ក្រុមហេសបូឡា និងអ៊ីស្រាអែលតែងប៉ះ ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម…ហើយសភាពការណ៍អាក្រក់នោះ វាក៏កំពុងតែរំកិលទាញ តំបន់ឱ្យឈានទៅរកគ្រោះថ្នាក់ដែលគេនឹងមិនអាចស្មានដល់។

* តើក្រុម Hezbollah មានប្រភពមកពីណា?

ប្រវត្តិនៃប្រភពដើមក្រុមក្រុមហេសបូឡា បានផុសចេញពីកំហឹងចូលលុកលុយឆ្នាំ១៩៨២ របស់អ៊ីស្រាអែលទៅលើប្រទេសលីបង់ ដែលនៅពេលនោះ កងកម្លាំងអ៊ីស្រាអែលបានដណ្តើមទឹកដីស្ទើរតែពាក់កណ្តាលនៃទឹកដីរបស់ប្រទេសលីបង់។ ក្នុងព្រឹត្តិការណ៍នោះ សូម្បីតែរដ្ឋធានី Beirut ក៏ជាកន្លែង ដែលកងកម្លាំងអ៊ីស្រាអែល រួមជាមួយនឹងកងជីវពលគ្រីស្ទានរបស់លីបង់ដែលជាសម្ព័ន្ធមិត្តក្រុមស្តាំនិយមអ៊ីស្រាអែល បានសហការឡោមព័ទ្ធនាភាគ ខាងលិចរដ្ឋធានី ដើម្បីវាយបណ្តេញក្រុមសកម្មជនប្រយុទ្ធប៉ាឡេស្ទីនដែរ។

ប្រតិបត្តិការរបស់អ៊ីស្រាអែលនាពេលនោះ បានបណ្តាលឱ្យមានអ្នកស្លាប់ជាង១ម៉ឺន៧ពាន់ នាក់។ ការស្រាវជ្រាវដោយគណៈកម្មាធិការស៊ើបអង្កេត Kahan បានចាត់ទុកអ៊ីស្រាអែលឱ្យទទួលខុសត្រូវដោយផ្ទាល់ចំពោះការសម្លាប់រង្គាល ដែលធ្វើឡើងដោយកងជីវពលគ្រីស្ទានរបស់លីបង់។ នៅពេល ដែលក្រុមយុទ្ធជនប៉ាឡេស្ទីនបានចាកចេញពីប្រទេសលីបង់ ក្រុមអ្នកប្រយុទ្ធអ៊ីស្លាម និកាយ Shia (ស្ហ៊ីអាក់) ដែលជាក្រុមបណ្តុះបណ្តាលប្រទេសអ៊ីរ៉ង់ បានលេចវត្តមានឡើងក្នុង រង្វង់វត្តមាននយោបាយប្រេះស្រាំនៅប្រទេសលីបង់នោះ។

ក្រុមដែលមិនទាន់មានសណ្តាប់ធ្នាប់រៀបរយនោះ បានបង្កផលប៉ះពាល់ខ្លាំងនិងធ្ងន់ធ្ងរនៅក្នុង ប្រទេសលីបង់។ នៅឆ្នាំ១៩៨៣, អំពើបំផ្ទុះគ្រាប់បែក អត្តឃាតចំនួន២ ដែលជាប់ទាក់ទងនឹងក្រុមគ្មានសណ្តាប់ធ្នាប់របស់អ៊ីស្លាមនោះ បានវាយប្រហារលើបន្ទាយកងទាហានម៉ារីនរបស់សហរដ្ឋអាមេរិកក្នុង ទីក្រុង Beirut ដោយបានសម្លាប់បុគ្គលិករបស់អាមេរិក និងបារាំងប្រមាណជិត៣០០នាក់ និងជនស៊ីវិលមួយចំនួនថែមទៀត។ មួយឆ្នាំក្រោយមកទៀត ក្រុមប្រយុទ្ធដដែល ដែលមានទំនាក់ទំនងជាមួយនឹងប្រទេសអ៊ីរ៉ង់នោះ បានទម្លាក់គ្រាប់បែកដាក់លើស្ថានទូតអាមេរិកក្នុងទីក្រុងបេរូត ដោយបានសម្លាប់ មនុស្ស ចំនួន២៣នាក់ និងនៅឆ្នាំ១៩៨៥ ក្រុមសកម្មប្រយុទ្ធទាំងនោះបានរួមដៃគ្នាជាផ្លូវការ នៅជុំវិញ អង្គការថ្មីដែលពួកគេបានដាក់ឈ្មោះថា Hezbollah ។

ក្រុម Hezbollah នេះមិនបានលាក់បាំងអំពីភក្តីភាពនៃមនោគមវិជ្ជារបស់ខ្លួន ចំពោះរដ្ឋាភិបាលក្រុងតេអេរ៉ង់ឡើយ និងពួកគេទទួលបានលំហូរជំនួយ ឥតឈប់ឈរនៃមូលនិធិពីសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់។ ការជួយជំរុញរបស់ប្រទេសអ៊ីរ៉ង់នេះហើយ បានធ្វើឱ្យក្រុម Hezbollah កាន់តែលេចធ្លោឡើយ។ Hezbollah បានក្លាយជាអ្នកចូលរួមក្នុងសង្គ្រាមស៊ីវិលរបស់ប្រទេសលីបង់ ដែលបានបញ្ចប់នៅក្នុងឆ្នាំ១៩៩០ ហើយក្រុមនេះ បានដឹកនាំការប្រយុទ្ធ ប្រឆាំងនឹងកងកម្លាំងអ៊ីស្រាអែលដែលកាន់កាប់ភាគខាងត្បូងលីបង់ ដែលទីបំផុតបានបណ្តេញពួកអ៊ីស្រាអែល ចេញនៅឆ្នាំ២០០០។

នៅក្នុងប្រទេសលីបង់ ក្រុម Hezbollah ត្រូវបានគេចាត់ទុកនិងទទួលស្គាល់ជាផ្លូវការថាជា ក្រុមយុទ្ធជន «តស៊ូ» ដែលមានភារកិច្ចប្រឈមមុខនឹង អ៊ីស្រាអែល ដែលរដ្ឋាភិបាលក្រុងបេរូត បានចាត់អ៊ីស្រាអែលគឺជាប្រទេសនៃសត្រូវរបស់ខ្លួន។ នៅក្នុងឆ្នាំ២០១១, ការតវ៉ារបស់ចលនា Arab Spring ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យបានរីករាលដាលពាសពេញតំបន់មជ្ឈឹមបូព៌ា។ ក្រុមHezbollah គឺជាអ្នកចូលរួមយ៉ាងសកម្ម ដោយបានប្រយុទ្ធសហការ ជាមួយកងកម្លាំងសម្ព័ន្ធនានារបស់អ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។ ក្រុម Hezbollah ក្រោយមកត្រូវបណ្តាប្រទេសមួយចំនួនរបស់ពិភពអារ៉ាប់ បានគេកំណត់ និងចាត់ទុកជាក្រុមអង្គការភេរវកម្ម។ ប៉ុន្តែក៏នៅតែមិនបានបង្អាក់អំណាចរបស់ក្រុម ប្រយុទ្ធ នេះជាដដែល។

* ទំនាក់ទំនងរវាងក្រុម Hezbollah និងក្រុម Hamas

តាមពិតក្រុម Hezbollah និងក្រុម Hamas គឺជាក្រុមដែលមិនធ្លាប់បានជួបមុខគ្នាឡើយ។ ក្រុមអ៊ីស្លាមនិយមទាំងពីរនេះបានប្រយុទ្ធប្រឆាំងគ្នាក្នុង សង្គ្រាមស៊ីវិល ក្នុងប្រទេសស៊ីរីដោយក្រុម Hezbollah គឺជាក្រុមគាំទ្រមេដឹកនាំស៊ីរី លោក Bashar al-Assad ចំណែកក្រុម HAMAS គាំទ្រក្រុមប្រឆាំង នៃនិកាយSunni។ ក្រុម Hezbollah គឺជាក្រុមប្រកាន់និកាយ Shia ចំណែក ក្រុមហាម៉ាស គឺជាក្រុមប្រកាន់និកាយ Sunni។ នៅពេលដែលសង្រ្គាមស៊ីរី កាន់តែខ្សោយនៅក្នុងតំបន់ភាគច្រើនគ្រាដែលប្រទេសសម្តៅទៅរកការបញ្ចប់សង្គ្រាមទៅហើយនោះ, ក្រុមហាម៉ាស និងក្រុមហេសបូឡា ស្រាប់តែត្រូវរ៉ូវ គ្នាវិញ ដោយពួកគេបានទុកចោលមួយឡែកនូវការឈ្លោះប្រកែកគ្នាទៅវិញទៅមក។

ក្រុមទាំង២ បានចងសម្ព័ន្ធភាពរវាងគ្នា ដោយមេដឹកនាំក្រុមហាម៉ាស បានជួបជាមួយមេដឹកនាំក្រុម Hezbollah លោក Hassan Nasralla។ សម្ព័ន្ធភាព រវាងអ្នកប្រយុទ្ធអ៊ីស្លាមទាំង២ក្រុមនេះអាចធ្វើបានត្រូវគេនិយាយថាគឹដោយសារតែការជួយសម្រុះសម្រួលរបស់ប្រទេសអ៊ីរ៉ង់។ ទំនាក់ទំនងរវាងក្រុមទាំង ២ ក្រោយមកក៏កាន់តែស៊ីជម្រៅនិងទំនាក់ទំនងរវាងក្រុមហាម៉ាស ដែលស្ថិតក្នុងតំបន់ Gaza ជាមួយនឹងប្រទេសអ៊ីរ៉ង់ ក៏ត្រូវបានគេដឹងឮជាទូទៅ។

* ហេតុអ្វីបានជា Hezbollah អាចក្លាយជាភាគីនៅក្នុងសង្គ្រាមហាម៉ាស-អ៊ីស្រាអែល?

គេនៅមិនទាន់ដឹងថាតើក្រុមហេសបូឡា នឹងធ្វើអន្តរាគមន៍ក្នុងសង្គ្រាមហាម៉ាស់-អ៊ីស្រាអែលក្នុងនាមប៉ាឡេស្ទីនឬយ៉ាងណានោះឡើយ។ ម៉្យាងវិញទៀត ក្រុមហេសបូឡា បានបង្ហាញការឈឺឆ្អាលរបស់ខ្លួនក្នុង ការជួយគោលដៅចុងក្រោយរបស់ក្រុមហាម៉ាសក្នុងការបំផ្លាញរដ្ឋជ្វីហ្វ របស់អ៊ីស្រាអែល។ ម្យ៉ាងវិញទៀតក្រុមហេសបូឡា ក៏គ្មានអ្វីដែលត្រូវបាត់បង់ផងដែរ។

អ៊ីស្រាអែលនៅតែជាកងទ័ពដ៏ទំនើបបំផុតនៅមជ្ឈិមបូព៌ា។ រហូតមកដល់ពេលនេះ អ៊ីស្រា អែលក៏មានអាវុធទំនើបៗមួយចំនួនក្នុងពិភពលោក ដោយ មានការគាំទ្រពីសហរដ្ឋអាមេរិក ថែមទៀត។ ប៉ុន្តែសង្គ្រាមជាមួយហ្គាហ្សា គឺជារឿងដែលគួរត្រូវប្រុងប្រយ័ត្នបើទោះបីជាក្រុម សកម្មជនអ៊ីស្លាមទាំងនោះ មិនមានឧបករណ៍យោធាទំនើបដូចអ៊ីស្រាអែលនាពេលនេះក៏ដោយ។ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលដាក់លើតំបន់ Gaza ដោយ បានធ្វើឱ្យពលរដ្ឋ ក្នុងតំបន់នោះបានស្លាប់ជាច្រើនក្នុងអំពើសងសឹកដាក់លើក្រុមហាម៉ាសនោះ បានផ្តល់សារមួយទៅកាន់ក្រុមហេសបូឡា ក្នុងប្រទេស លីបង់។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amirabdollahean បានថ្លែងមេដឹកនាំក្រុមប្រយុទ្ធអ៊ីស្លាមទាំង២ក្រុមគឺក្រុមហាម៉ាសនិងក្រុម ហេសបូឡា ត្រៀមនឹងជួបគ្នាពិភាក្សាអំពីបញ្ហាការវាយប្រហាររបស់អ៊ីស្រាអែលដាក់មកលើ តំបន់ Gaza Strip។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះ បាននិយាយថា «បណ្តាមេដឹកនាំតស៊ូបានប្រកាសច្បាស់ ហើយថាគេនឹងត្រៀមជួបមុខគ្នាទៅវិញទៅមកពាក់ព័ន្ធនឹង ការធ្វើសង្គ្រាមរបស់របបគ្រប់គ្រង Zionist។ ប្រទេសអ៊ីរ៉ង់បានចាត់ទុកការវាយប្រហាររបស់អ៊ីស្រាអែល ដាក់លើតំបន់ Gaza គឺមិនខុសគ្នា នឹងអំពើសម្លាប់រង្គាលឡើយ។ លោក Hossein Amirabdollahean ក្រោយការវាយប្រហាររបស់អ៊ីស្រាអែលច្រើនថ្ងៃដាក់មកលើតំបន់ Gaza នោះមក លោកបានសរសេរបញ្ជាក់តាមបណ្តាញសង្គមថាពេលវេលាបាន ឈានមកដល់ហើយសម្រាប់ការរួមគ្នាជាសកលរបស់មនុស្សជាតិប្រឆាំងនឹងរបប ក្លែងក្លាយ ដែលលោកនិយាយសំដៅទៅកាន់រដ្ឋអ៊ីស្រាអែល។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានថ្លែងថាសកម្ម ភាពរបស់អ៊ិស្រាអែលវាគួរឱ្យស្អប់ខ្ពើមជាងពួក ISIS និងថាពេលវេលានៃការកាប់សម្លាប់នោះ គឺជាពេលដែលត្រូវនឹងបញ្ចប់ហើយ។

សង្គ្រាមអ៊ីស្រាអែលជាមួយនឹងក្រុមហាម៉ាសប៉ាឡេស្ទីនដែលបានឈានចូលដល់ថ្ងៃទី១៤ មកនេះ ត្រូវគេរាយការណ៍ជុំវិញការសម្រេចរបស់ប្រទេសទាំង ២២របស់ពិភពអារ៉ាប់។ ប្រទេសនៃពិភពអារ៉ាប់ដែលមាន ២២ប្រទេសនៃប្រជាជនជាង ៤៧៥លាននាក់ ក្នុងទំហំផ្ទៃដី ១៣លានគីឡូម៉ែត្រក្រឡា បានសម្រេចថាពួកគេនឹងគាំទ្រប៉ាឡេស្ទីន។ គួរបញ្ជាក់ថាក្នុងពេលដែលមានការវាយប្រហារថ្ងៃទី៧ តុលា របស់ក្រុមហាម៉ាសដាក់លើអ៊ីស្រាអែលនោះ, ប្រទេសជាច្រើនក្នុងពិភពអារ៉ាប់បានថ្លែងភ្លាមៗក្នុងពេលនោះបង្ហាញនូវជំហរដែលខ្លះថ្កោលទោសក្រុមហាម៉ាស និងខ្លះបាននិយាយរកការរក្សាភាព អត់ធ្មត់និងគាំទ្រ ប៉ាឡេស្ទីន។

ប៉ុន្តែខណៈមានការវាយប្រហារថ្ងៃអង្គារ៍ទី១៧ តុលា ដាក់លើមន្ទីរពេទ្យនា កណ្តាលក្រុង Gaza ដែលធ្វើឱ្យមានមនុស្សស្លាប់ប្រមាណ៥០០នាក់នោះមក, អារម្មណ៍របស់ប្រទេសក្នុងពិភពអារ៉ាប់បានប្រែប្រួលមកវិញ។ ប្រទេសអ៊ីស្រាអែលបាននិយាយថាពួកគេ មិនបានវាយប្រហារដាក់លើមន្ទីរពេទ្យនោះទេ។ អ៊ីស្រាអែលបានព្យាយាមបង្ហាញថាការបំផ្ទុះក្នុងមន្ទីរពេទ្យនោះ គឺដោយសារតែការបាញ់ខុសគោលដៅរបស់ក្រុមសកម្មជនជីហាតប៉ាឡេស្ទីន ប៉ុន្តែ ទោះជាការបំភ្លឺនោះព្យាយាមបង្ហាញរូបភាព ឬការបកស្រាយយ៉ាងណាក៏ដោយ ក៏មិនអាចទាញអារម្មណ៍របស់ក្រុមប្រទេសនៃពិភពអារ៉ាប់ឱ្យមកគាំទ្រ អ៊ីស្រាអែល វិញបានដែរ។

ពិភពអារ៉ាប់ទាំងមូលបានបន្ទោសដាក់មកលើប្រទេសអ៊ីស្រាអែលចំពោះការវាយប្រហារដាក់មកលើមន្ទីរពេទ្យនោះ។ ប្រជាជននៃបណ្តាប្រទេសអារ៉ាប់ បាននាំគ្នាចេញធ្វើការជំទាស់តាមថ្នល់ និងពួកគេបានអំពាវនាវឱ្យរដ្ឋាភិបាលរបស់គេរៀងៗខ្លួនត្រូវរកខុសត្រូវដល់ពលរដ្ឋប៉ាឡេស្ទីន។ នាពេលនេះ ខណៈដែលមានការវាយប្រហារតាមផ្លូវអាកាសបាញ់ជញ្ជ្រំដាក់លើតំបន់ Gaza អ៊ីស្រាអែលបានត្រៀមនឹងធ្វើការវាយលុកដោយថ្មើរជើងថែមទៀត ប៉ុន្តែបើសិនជាមានការវាយប្រហារដោយកម្លាំងទ័ពថ្មើរជើងនោះពិតមែន, សង្គ្រាមនេះនឹងត្រូវក្រុមហេសបូឡា នឹងចូលមកធ្វើអន្តរាគមន៍ជាមិនខាន និងមិនត្រឹមតែក្រុមហេសបូឡានោះទេ រណសិរ្សប្រយុទ្ធ នឹង អាចមានលេចចេញជាច្រើនទិសមកទៀតប្រឆាំងនឹងអ៊ីស្រាអែល។ ដូចប្រសាសន៍របស់មន្ត្រី សម្របសម្រូលអង្គការសហប្រជាជាតិសម្រាប់សន្តិភាពនៅមជ្ឈិមបូព៌ា លោក Tor Wennesland បានបញ្ជាក់កាលពីថ្ងៃទី១៨តុលាឆ្នាំ២០២៣។

មន្ត្រីសម្របសម្រូលអង្គការសហប្រជាជាតិរូបនេះ បាននិយាយថា «ផ្អែកលើការប្រជុំរបស់ខ្ញុំ និងទំហំធ្វើសកម្មភាពដែលខ្ញុំសង្កេតនៅលើទីតាំង ដោយផ្ទាល់ ខ្ញុំអាចនិយាយថា ហានិភ័យនៃ ជម្លោះរាលដាលនេះ គឺវាពិតជាក់ស្តែង និងប្រកបដោយគ្រោះថ្នាក់បំផុត»។ អ៊ីស្រាអែលនឹងអាចស្ទាក់ស្ទើរ ក្នុងការចង់សាកល្បងការប្រយុទ្ធជាមួយនឹងក្រុមហេសបូឡានេះ ដែលសង្គ្រាមនោះនឹងអាចបញ្ឆេះឱ្យមានការរាលដាលកាន់តែខ្លាំងនិងអាចមានក្រុម សកម្មជនអ៊ីស្លាមដទៃទៀតដែលគាំទ្រដោយអ៊ីរ៉ង់ នឹងចេញមុខចូលរួមប្រយុទ្ធប្រឆាំងនឹងអ៊ី ស្រាអែលដូចជាក្រុមឆ្មាំបដិវត្តន៍អ៊ិស្លាម The Islamic Revolution Guard Corps ដែលជាក្រុមប្រយុទ្ធ Elite មួយមានកិច្ចសហការជាមួយប្រទេសអ៊ីរ៉ង់។

មេដឹកនាំក្រុម Hezbollah លោក Hassan Nasrallah បានអះអាងថាកម្លាំងរបស់ពួកគេមាន ចំនួនជាង១០ម៉ឺនអង្គភាពដែលរួមមានទាំងក្រុមប្រយុទ្ធ និងក្រុមត្រៀមបម្រុង។ ដូច្នេះប្រសិនបើ Hezbollah ចូលរួមក្នុងសង្គ្រាម វានឹងបើកជម្លោះមុខព្រួញវាយប្រហារកាន់តែច្រើន ហើយប្រការនោះនឹងជំរុញ តំបន់មជ្ឈិមបូព៌ាអាចធ្លាក់ចូលក្នុងវិបត្តិមួយដែលគេមិន ស្មានទុកបានឡើយ។ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានព្រមានបន្ថែមបញ្ជាក់ថា វាជាការចាប់ផ្តើមដួលរំលំនៃរបបអ៊ីស្រាអែលហើយ។

«ដោយសារតែការវាយប្រហារដាក់លើមន្ទីរពេទ្យក្នុងតំបន់ Gaza, ទីអវសានរបស់របប Zionist បានចាប់ផ្តើមជាមួយនឹងតំណក់ឈាមរបស់ប្រជាជន ប៉ាឡេស្ទីន ហូរទៅលើដី។ របបដឹកនាំ Zionist នេះកំពុងតែស្ថិតជិតនឹងភាពដួលរលំរបស់ខ្លួនហើយ»

រូបភាពពី Reuters