(ប៉េកាំង)៖ ឆ្មាំសមុទ្រចិន បាននិយាយនៅថ្ងៃអាទិត្យ ទី២២​ ខែតុលានេះថាខ្លួនបានធ្វើសកម្មភាពដោយស្របច្បាប់ ក្នុងការរារាំងទូករបស់ហ្វីលីពីន ដឹកសម្ភារៈសំណង់ខុសច្បាប់ ទៅកាន់ខ្មោចនាវាចម្បាំងមួយគ្រឿងក្នុងតំបន់ថ្មប៉ប្រះទឹកមានវិវាទមួយនៃតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប៉ុន្មានខែមកនេះ ចិន និងហ្វីលីពីន បានឈ្លោះប្រកែកគ្នាជាច្រើនលើក ក្នុងតំបន់សមុទ្រចិនខាងត្បូង ជាពិសេសគឺនៅឯតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal នៃទីប្រជុំកោះ Spratly តែម្ដង។ ហ្វីលីពីន បានដឹកស្បៀងជាប្រចាំទៅឱ្យទាហានរបស់ខ្លួន ដែលឈរជើងនៅលើខ្មោចនាវាចម្បាំង មួយគ្រឿង ចតទុកចោលក្នុងតំបន់មានវិវាទមួយនេះ ខណៈឆ្មាំសមុទ្រចិនក៏តែងតែរារាំងបេសកកម្មផ្គត់ផ្គង់ឡើងវិញរបស់ហ្វីលីពីនផងដែរ។

គួរបញ្ជាក់ថា ហី្វលីពីន នៅថ្ងៃអាទិត្យនេះដែរបានចោទប្រកាន់ថា សកម្មភាពបិទខ្ទប់របស់នាវាឆ្មាំសមុទ្រចិនបានបង្កទៅជាការបុកគ្នាជាមួយទូក ដឹកស្បៀងផ្គត់ផ្គង់ឡើងវិញរបស់កងកម្លាំងប្រដាប់អាវុធហ្វីលីពីន ដែលធ្វើដំណើរនាំយកស្បៀង ទៅផ្គត់ផ្គង់ទាហានប្រចាំការនៅលើខ្មោចនាវា ចម្បាំងមួយក្នុងតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal៕

រូបភាពពី Reuters