(ម៉ានីល)៖ ហី្វលីពីន នៅថ្ងៃអាទិត្យ ទី២២ ខែតុលានេះ បានចោទប្រកាន់ថានាវាឆ្មាំសមុទ្រចិនមួយគ្រឿង បានបើកបំបុកជាមួយទូកដឹកស្បៀងមួយគ្រឿងរបស់ខ្លួន ដែលកំពុងធ្វើដំណើរនាំយកស្បៀង ទៅផ្គត់ផ្គង់ទាហានប្រចាំការនៅលើខ្មោចនាវាចម្បាំងមួយ នៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងសេចក្ដីថ្លែងការណ៍មួយ អង្គភាពមួយរបស់រដ្ឋាភិបាលហ្វីលីពីន ទទួលបន្ទុកលើកិច្ចការតំបន់សមុទ្រហ្វីលីពីនខាងលិច បានឱ្យដឹងថាសកម្មភាពបិទខ្ទប់របស់ នាវាឆ្មាំសមុទ្រចិន 5203 បានបង្កទៅជាការបុកគ្នាជាមួយទូកដឹកស្បៀងផ្គត់ផ្គង់ឡើងវិញរបស់កងកម្លាំងប្រដាប់អាវុធហ្វីលីពីន ស្ថិតនៅចម្ងាយ ២៥គីឡូម៉ែត្រពី តំបន់ថ្មប៉ប្រះទឹក Second Thomas Shoal។ ចំណែក ឧទ្ទវហេតុមួយផ្សេងទៀត បានកើតឡើងលើនាវាឆ្មាំសមុទ្រហ្វីលីពីន ដែលអមដំណើរបេសកកម្មផ្គត់ផ្គង់ ឡើងវិញដោយត្រូវបានបុកទង្គិចនឹងអ្វីដែលហ្វីលីពីនហៅថាជា «នាវាកងជីវពលសមុទ្រចិនមួយគ្រឿង»

គួរបញ្ជាក់ថា សេចក្ដីថ្លែងការណ៍ខាងលើដដែល ក៏បានថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពរបស់នាវាឆ្មាំសមុទ្រចិន និងនាវាកងជីវពលសមុទ្រចិន នៅថ្ងៃព្រឹក ថ្ងៃអាទិត្យនេះផងដែរ។ តំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ស្ថិតនៅចម្ងាយ ២០០គីឡូម៉ែត្រ ពីកោះ Palawan ស្ថិតនៅភាគខាងលិចហ្វីលីពីន និងស្ថិត នៅចម្ងាយជាង ១,០០០គីឡូម៉ែត្រពីកោះ Hainan របស់ចិន។ កងទ័ពជើងទឹកហ្វីលីពីនវិញ មានចេតនាចតទុកខ្មោចនាវាចម្បាំង BRP Sierra Madre មួយគ្រឿង សល់ពីសម័យសង្រ្គាមលោកលើកទី២ ក្នុងតំបន់ថ្មប៉ប្រះទឹកនេះក្នុងឆ្នាំ១៩៩៩ ដើម្បីឃ្លាំមើលសកម្មភាពចិន ហើយកងទ័ពនៅលើខ្មោចនាវាចម្បាំងនេះទៀតសោត ពឹងផ្អែកទាំងស្រុងលើការផ្គត់ផ្គង់ស្បៀង ដើម្បីរស់៕

រូបភាពពី AFP