(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ បាននិយាយថាសហរដ្ឋអាមេរិក នឹងបញ្ជូនប្រព័ន្ធមីស៊ីល THAAD មួយគ្រឿង និងប្រព័ន្ធមីស៊ីល Patriot បន្ថែមទៅកាន់តំបន់ មជ្ឈិមបូព៌ា ជាការឆ្លើយតបទៅនឹងការវាយប្រហារថ្មីៗនេះលើកងទ័ពអាមេរិក នៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០២៣។
សហរដ្ឋអាមេរិក បានបញ្ជូននាវាចម្បាំងជាច្រើនគ្រឿងរួចទៅហើយ ទៅកាន់តំបន់មជ្ឈិមបូព៌ា នាប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ក្នុងនោះរួមមានទាំងនាវាផ្ទុកយន្ដហោះ ចម្បាំង ២គ្រឿង អមដំណើរដោយនាវាពិឃាតជាច្រើនគ្រឿង និងទាហាម៉ារីននៅលើនោះជាង ២,០០០នាក់។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយ នៅថ្ងៃសៅរ៍ ទី២១ ខែតុលា (ម៉ោងនៅវ៉ាស៊ីនតោន) រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានគូសបញ្ជាក់ដូច្នេះថា «បន្ទាប់ពីមានការពិភាក្សាយ៉ាង ល្អិតល្អន់ជាមួយលោកប្រធានាធិបតី (ចូ) បៃដិន ស្ដីពីការកើនឡើងសកម្មភាពរបស់អ៉ីរ៉ង់ និងចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ ក្នុងតំបន់មជ្ឈិមបូព៌ា នៅថ្ងៃនេះ ខ្ញុំបានដាក់ចេញវិធានការបន្ថែមដើម្បីពង្រឹងការត្រៀមលក្ខណៈរបស់ក្រសួងការពារជាតិអាមេរិក ក្នុងតំបន់»។
បើតាមលោក Lloyd Austin កងទ័ពអាមេរិកមួយចំនួន ក៏ត្រូវបានបង្គាប់ឱ្យត្រៀមលក្ខណៈសម្រាប់ការដាក់ពង្រាយផងដែរ ប៉ុន្តែមិនបានបញ្ជាក់ពីចំនួននោះទេ ស្របពេលមន្ទីរបញ្ចកោណ បានដាក់ឱ្យកងទ័ពជាង ២,០០០នាក់ ប្រុងជើងការខ្ពស់ ដើម្បីត្រៀមខ្លួនសម្រាប់ការដាក់ពង្រាយទៅកាន់តំបន់មជ្ឈិមបូព៌ា។
គួរបញ្ជាក់ថា ការប្រកាសពីដាក់ពង្រាយប្រព័ន្ធមីស៊ីលខាងលើរបស់សហរដ្ឋអាមេរិក កើតមានឡើង ២ឆ្នាំ បន្ទាប់ពីរដ្ឋបាលលោក បៃដិន បានដកប្រព័ន្ធមីស៊ីល មួយចំនួនចេញពីតំបន់មជ្ឈិមបូព៌ា ដោយសំអាងលើការកាត់បន្ថយភាពតានតឹងជាមួយអ៉ីរ៉ង់៕
រូបភាពពី Reuters