(ហ្កាហ្សា)៖ អ៉ីស្រាអែល នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែតុលានេះ បានបង្កើនការវាយប្រហារតាមផ្លូវអាកាសលើភាគខាងត្បូងនៃតំបន់ហ្កាហ្សា​ និងបាននិយាយថាខ្លួននឹងបង្កើនការវាយប្រហារលើភាគខាងជើងនៃតំបន់មួយនេះ ខណៈសហរដ្ឋអាមេរិកប្ដេជ្ញាចិត្តជំរុញការផ្ដល់ជំនួយមនុស្សធម៌ បន្ថែមដល់ប្រជាជនប៉ាឡេស្ទីន ដែលកំពុងខ្វះខាតស្បៀងអាហារ ទឹក ថ្នាំពេទ្យ និងប្រេងឥន្ធនៈ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។

ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន បានរាយការណ៍ថាជនជាតិប៉ាឡេស្ទីន ១១នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារទម្លាក់គ្រាប់បែករបស់ អ៉ីស្រាអែល លើទីក្រុង ខាន់យូ ណឺស (Khan Younis) នៃភាគខាងត្បូងតំបន់ហ្កាហ្សា ហើយថាអ៉ីស្រាអែលក៏បានវាយប្រហារលើទីក្រុង រ៉ាហ្វាស Rafah នៅភាគខាងត្បូងផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ទី២១ ខែតុលា ក្បួនរថយន្តដឹកជំនួយមនុស្សធម៌ ដែលបានឈប់រង់ចាំនៅព្រំដែនប្រទេសអេហ្ស៉ីប អស់រយៈពេល ប៉ុន្មានថ្ងៃហើយនោះ ទីបំផុតបានចាប់ផ្តើមបើកឆ្លងកាត់ច្រក Rafah ដើម្បីចូលទៅកាន់ដែនដីប៉ាឡេស្ទីន Gaza Strip ហើយ។ ចំណែក លោកប្រធានាធិបតី ចូ បៃដិន បាននិយាយថាសហរដ្ឋអាមេរិកបានប្ដេជ្ញាចិត្ត ដើម្បីធានានូវការផ្ដល់ជំនួយបន្ថែមចូលទៅកាន់តំបន់ហ្កាហ្សា តាមច្រក រ៉ាហ្វាស៕

រូបភាពពី AFP