(ស៊ីដនី)៖ ទីក្រុងកង់បេរ៉ា នៅថ្ងៃអាទិត្យ ទី២២ ខែតុលានេះ បានទទួលស្គាល់ជាផ្លូវការថានាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នឹងបំពេញទស្សនកិច្ច ទៅកាន់ប្រទេសចិន នៅដើមខែវិច្ឆិកាក្រោយនេះ ដើម្បីជួបលោកប្រធានាធិបតី ស៊ី ជិនពីង ខណៈប្រទេសដៃជាគូពាណិជ្ជកម្មទាំង២ កំពុងប្រឹងប្រែងជួសជុលទំនាក់ទំនង ឡើងវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមការគ្រោងទុក លោកនាយករដ្ឋមន្ត្រី Anthony Albanese នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែវិច្ឆិកា បន្ទាប់ពីចិនបានដល់កិច្ចព្រមព្រៀង ជាមួយអូស្ត្រាលី ជុំវិញការដំឡើងពន្ធលើការនាំចូលស្រាពីអូស្ត្រាលី។ ការទទួលរបស់រដ្ឋាភិបាលអូស្ត្រាលីទៀតសោត កើតមានឡើង បន្ទាប់អ្នកសារព័ត៌មានអូស្ត្រាលីម្នាក់ ឈ្មោះ Cheng Lei ត្រូវបានអាជ្ញាធរចិនដោះលែង និងបណ្ដេញចេញពីប្រទេសកាលពីដើមខែតុលានេះ ក្រោយជាប់ឃុំអស់ ៣ឆ្នាំ ពាក់ព័ន្ធនឹងការចោទប្រកាន់ពី បទធ្វើចារកម្ម។

គួរបញ្ជាក់ថា បើគ្មានអ្វីប្រែប្រួល ដំណើរទស្សនកិច្ចរបស់លោក Anthony Albanese នឹងធ្វើឱ្យលោកក្លាយជានាយករដ្ឋមន្ត្រីដំបូងបំផុតរបស់អូស្ត្រាលី ដែលធ្វើទស្សនកិច្ច ទៅកាន់ប្រទេសចិន ចាប់តាំងពីឆ្នាំ២០១៦មក៕

រូបភាពពី AFP