(គែរ)៖ នាយករដ្ឋមន្ត្រីអ៉ីតាលី លោកស្រី ចចជៀ ម៉េឡូនី (Giorgia Meloni) បាននិយាយថ្ងៃសៅរ៍នេះថា សហគមន៍អន្តរជាតិត្រូវតែចៀសវាងការបង្កហេតុនៅក្នុងសង្គ្រាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ហើយកំណត់ផែនទីផ្លូវឆ្ពោះទៅរកដំណោះស្រាយសម្រាប់រដ្ឋពីរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣។

ថ្លែងចេញពីទីក្រុងគែរ របស់អេហ្ស៉ីប ក្នុងកិច្ចប្រជុំដើម្បីសន្តិភាពតំបន់មជ្ឈិមបូព៌ា លោកស្រី ម៉េឡូនី បានគូសបញ្ជាក់ថា «ទោះចំណុចចាប់ផ្តើមរបស់យើងនៅខុសគ្នាឆ្ងាយក៏ដោយ ប៉ុន្តែជារួមគឺត្រូវធ្វើឲ្យអ្វីដែលកំពុងកើតឡើងនៅហ្គាហ្សាមិនក្លាយជាជម្លោះកាន់តែធំ សង្គ្រាមសាសនា ការប៉ះទង្គិចនៃអរិយធម៌»។

លោកស្រី ម៉េឡូនី បន្ថែមថា «ខ្ញុំពិតជាយល់ឃើញថាគោលដៅនៃការវាយប្រហាររបស់ក្រុមហាម៉ាស មិនមែនដើម្បីការពារសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីននោះទេ ប៉ុន្តែជាការវាយប្រហារមួយដែលនឹងបង្កើតគម្លាតមិនអាចកាត់ថ្លៃបានរវាងប៉ាឡេស្ទីន និងអ៉ីស្រាអែល មានន័យថាគោលដៅគេគឺមកលើយើងទាំងអស់គ្នា ដូច្នេះយើង​មិន​អាច​ធ្លាក់​ចូល​ក្នុង​អន្ទាក់​នេះ​ទេ»។

គួរបញ្ជាកថា លោកស្រីនាយករដ្ឋមន្ត្រីអ៉ីតាលី បានជួបមេដឹកនាំប៉ាឡេស្ទីន លោក ម៉ាមូដ អាបាស់ (Mahmoud Abbas) ក្នុងទីក្រុងគែរ មុនពេលធ្វើដំណើរទៅកាន់ទីក្រុងតែល អាល់វីវ (Tel Aviv) ដើម្បីជួបនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ៕