(អ៉ីស្លាម៉ាបាដ)៖ លោក ណាវ៉ាស សារីហ្វ (Nawaz Sharif) ដែលគេស្គាល់ថាជានាយករដ្ឋមន្ត្រី ៣សម័យកាលរបស់ប៉ាគីស្ថាន បានត្រលប់មកដល់ប្រទេសវិញហើយនៅថ្ងៃសៅរ៍នេះ ក្រោយរស់នៅនិរទេសខ្លួនអស់រយៈពេល ៤ឆ្នាំនៅឯទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស ក្នុងគោលបំណងចូលរួមការបោះឆ្នោតឆ្នាំ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣។
លោក សារីហ្វ ធ្លាប់ជាគូប្រជែងដ៏ធំបំផុតរបស់អតីតនាយកដ្ឋមន្រ្តី លោក អ៉ីមរាំ ខាន់។ បើតាមគណបក្ស និងប្រភពដ៏ទៃទៀត អ្នកនយោបាយជើងចាស់អាយុ ៧៣ឆ្នាំរូបនេះគ្រោងត្រលប់ទៅស្រុកកំណើតនៅភាគខាងកើតនៃទីក្រុងឡាហ័រ (Lahore) និងជាកន្លែងដែលលោកនឹងដឹកនាំការជួបជុំធំមួយ បន្ទាប់យន្តហោះឯកជនដែលដឹកមនុស្សជាង ១៥០នាក់មកពីគណបក្ស និងអង្គការប្រព័ន្ធផ្សព្វផ្សាយរបស់លោក ចុះចតនៅទីក្រុងអ៉ីស្លាម៉ាបាដ។ អ្នកនាំពាក្យគណបក្សរបស់ លោក សារីហ្វ បាននិយាយថា អ្នកគាំទ្រផ្តុំមកពីតំបន់ផ្សេងៗនាំគ្នាទៅកាន់ទីក្រុង Lahore មុនពេលលោកមកដល់។
គួរបញ្ជាក់ថា លោក សារីហ្វ មិនធ្លាប់ត្រលប់មកប៉ាគីស្ថាន វិញនោះទេ ចាប់តាំងពីចាកចេញទៅកាន់ទីក្រុងឡុងដ៍ អំឡុងឆ្នាំ ២០១៩ដើម្បីទទួលការព្យាបាលជំងឺ ខណៈកំពុងជាប់ពន្ធនាគាររយៈពេល ១៤ឆ្នាំពីបទពុករលួយ។ ការផ្តន្ទាទោសលើរូបលោកនៅតែជាធរមាន ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ តុលាការបានរារាំងអាជ្ញាធរពីការចាប់ខ្លួន លោក សារីហ្វ រហូតដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ នៅពេលដែលលោកត្រូវបង្ហាញខ្លួននៅក្នុងតុលាការ៕