(គែរ)៖ នៅថ្ងៃសៅរ៍នេះ ក្បួនរថយន្តដឹកជំនួយមនុស្សធម៌ ដែលបានឈប់រង់ចាំនៅព្រំដែនប្រទេសអេហ្ស៉ីប អស់រយៈពេលប៉ុន្មានថ្ងៃហើយនោះ ទីបំផុតបានចាប់ផ្តើមបើកឆ្លងកាត់ច្រក Rafah ដើម្បីចូលទៅកាន់ដែនដីប៉ាឡេស្ទីន Gaza Strip ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣។
Rafah គឺជាច្រកចេញចូលចម្បងតែមួយគត់នៃតំបន់ Gaza Strip ដែលមិនស្ថិតក្រោមការគ្រប់គ្រងរបស់អ៉ីស្រាអែល និងជាកន្លែងផ្តោតសំខាន់នៃកិច្ចប្រឹងប្រែងដឹកជញ្ជូនជំនួយមនុស្សធម៌ ទៅកាន់ប្រជាជនប្រហែល២.៣លាននាក់ ដែលកំពុងរស់នៅក្នុងដែនដីប៉ាឡេស្ទីនមួយនេះ។ អ៉ីស្រាអែលបានអនុញ្ញាតឱ្យមានការដឹកជញ្ជូនជំនួយពីអេហ្ស៉ីប ក្រោយទទួលបានសំណើពីសម្ព័ន្ធមិត្តកំពូលរបស់ខ្លួន គឺសហរដ្ឋអាមេរិក។ ក្នុងសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានទៅបំពេញទស្សនកិច្ចដោយផ្ទាល់ នៅអ៉ីស្រាអែល។
រយៈពេលប្រមាណ២សប្តាហ៍មកនេះ តំបន់ Gaza Strip បានស្ថិតក្រោមការទម្លាក់គ្រាប់បែក ជារៀងរាល់ថ្ងៃរបស់អ៉ីស្រាអែល។ វាគឺជាសកម្មភាពឆ្លើយតបរបស់អ៉ីស្រាអែល ក្រោយក្រុមហាម៉ាស ដែលគ្រប់គ្រង Gaza បានបើកការវាយប្រហារដ៏ប្រល័យចូលអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។ ក្រៅពីការវាយប្រហារតាមផ្លូវអាកាស អ៉ីស្រាអែលក៏បានអនុវត្តការបិទខ្ទប់ទាំងស្រុង លើតំបន់ Gaza Strip ផងដែរ ដោយកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី ស្បៀងអាហារ ទឹក និងឥន្ធនៈ។
គួរបញ្ជាក់ថា យោងតាមក្រុមហាម៉ាសផ្ទាល់ ក្បួនរថយន្តជំនួយមនុស្សធម៌ចំនួន២០គ្រឿង ដែលត្រូវចូលទៅកាន់តំបន់ Gaza នាថ្ងៃសៅរ៍នេះ គឺមានផ្ទុកថ្នាំពេទ្យ សម្ភារវេជ្ជសាស្រ្ត ព្រមទាំងស្បៀងអាហារនិងគ្រឿងកំប៉ុងមួយចំនួន។ អង្គការសហប្រជាជាតិ (UN) បានព្រមានអំពី «គ្រោះមហន្តរាយមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ» នៅតំបន់ Gaza Strip ចំពោះមុខការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល ខណៈអ៉ីស្រាអែលក៏កំពុងត្រៀមធ្វើសង្រ្គាមជើងគោកចូល Gaza ក្នុងពេលឆាប់ៗ ថែមទៀតផង។
កាលពីថ្ងៃសុក្រសប្តាហ៍នេះ អគ្គលេខាធិការ UN លោក Antonio Guterres បានធ្វើទស្សនកិច្ចទៅកាន់ច្រក Rafah នៅខាងព្រំដែនអេហ្ស៉ីប។ យោងតាមរបាយការណ៍ចុងក្រោយបំផុតរបស់ UN ប្រជាជនប៉ាឡេស្ទីនយ៉ាងហោច ១លាននាក់ បានរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ នៅក្នុងតំបន់ Gaza ហើយភាគច្រើនបានទៅប្រមូលផ្តុំនៅតំបន់ភាគខាងត្បូង ដើម្បីគេចពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល៕
រូបភាពពី Reuters