(ហ៊្សេរុយសាឡិម)៖ នៅថ្ងៃសៅរ៍នេះ អ៉ីស្រាអែលបានអំពាវនាវឱ្យពលរដ្ឋរបស់ខ្លួន ចាកចេញជាបន្ទាន់ពីប្រទេសអេហ្ស៉ីបនិងហ៊្សកដានី ស្របពេលដែលភាពតានតឹងក្នុងតំបន់ មានការកើនឡើងខ្លាំង ជុំវិញសង្រ្គាមនៅតំបន់ Gaza Strip។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣។
ក្រុមប្រឹក្សាសន្តិសុខជាតិនៃប្រទេសអ៉ីស្រាអែល បានដំឡើងកម្រិតប្រកាសអាសន្ននៃការធ្វើដំណើរ សម្រាប់ប្រទេសអេហ្ស៉ីបរួមទាំងឧបទ្វីប Sinai ហើយនិងហ៊្សកដានី ឱ្យដល់លេខ៤ ដែលជាកម្រិតគំរាមកំហែងខ្ពស់បំផុត។ កម្រិតនេះផ្តល់អនុសាសន៍ឱ្យប្រជនអ៉ីស្រាអែល កុំធ្វើដំណើរទៅកាន់ប្រទេសទាំងនោះ ហើយឱ្យពលរដ្ឋអ៉ីស្រាអែលដែលកំពុងស្ថិតនៅប្រទេសទាំងនោះស្រាប់ គួរតែចាកចេញឱ្យឆាប់ តាមតែអាចធ្វើទៅបាន។
សេចក្តីណែនាំខាងលើធ្វើឡើង ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ៉ីស្រាអែលបានកោះហៅ ក្រុមមន្រ្តីការទូតរបស់ខ្លួននៅតួកគីត្រឡប់មកវិញ ដើម្បីជាវិធានការបង្ការសន្តិសុខ ខណៈនៅមុនពេលនោះ ក៏មានការស្នើឱ្យពលរដ្ឋអ៉ីស្រាអែលទូទៅ ចាកចេញពីប្រទេសតួកគីផងដែរ។ ទន្ទឹមគ្នា មួយរយៈចុងក្រោយនេះ សកម្មភាពធ្វើបាតុកម្មបានកើតមានឡើង នៅពាសពេញតំបន់មជ្ឈិមបូព៌ា ជុំវិញការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែលលើតំបន់ Gaza Strip។
គួរបញ្ជាក់ថា សង្រ្គាមនៅ Gaza ត្រូវបានដុតបញ្ឆេះឡើង ក្រោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស ធ្វើសកម្មភាពចេញពី Gaza ចូលលុកលុយលើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។ បើតាមការអះអាងរបស់ក្រុមមន្រ្តីអ៉ីស្រាអែល ពួកគេបានសម្លាប់មនុស្សយ៉ាងហោចជាង ១,៤០០នាក់ ដែលភាគច្រើនជាជនស៉ីវិល និងថែមទាំងបានចាប់មនុស្សជាង ២០០នាក់ទៀត យកទៅតំបន់ Gaza ដើម្បីធ្វើជាចំណាប់ខ្មាំង។ អ៉ីស្រាអែល បានប្តេជ្ញាកម្ទេចក្រុមហាម៉ាសទាំងស្រុង ហើយបានបើកប្រតិបត្តិការវាយប្រហារសងសឹកតាមផ្លូវអាកាសយ៉ាងខ្លាំងក្លាបំផុត ដែលមកទល់ពេលនេះ បើតាមការអះអាងរបស់ក្រសួងសុខាភិបាលនៅ Gaza គឺបានផ្តាច់ជីវិតជនជាតិប៉ាឡេស្ទីនកើនដល់ចំនួន ៤,១៣៧នាក់ហើយ ភាគច្រើនជាជនស៉ីវិល៕
រូបភាពពី Reuters