(ប៉េកាំង)៖ “ផ្លូវសូត្របៃតងអាចជួយឱ្យយើងដើរចេញពីផ្លូវទ័ល ដើរតាមផ្លូវថ្មីមួយសម្រាប់ផ្តល់ផលប្រយោជន៍ ដល់មនុស្សជាតិនិងភពផែនដី។” ក្នុងវេទិកាកំពូល “ខ្សែក្រវាត់និងផ្លូវ” សម្រាប់កិច្ចសហប្រតិបតិ្តការអន្តរជាតិលើកទីបីដែលបើកធ្វើ នៅពេលថ្មីៗកន្លងទៅនេះ លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថា ដូចពោលខាងលើដែលបានញ៉ាំងឱ្យអង្គប្រ ជុំមានចំណាប់អារម្មណ៍និងប្រតិកម្មដូចគ្នាយ៉ាងខ្លាំង។

ពណ៌បៃតងជា លក្ខណៈពិសេសពីឬសគល់របស់ “ខ្សែក្រវាត់និងផ្លូវ”។ ក្នុងរយៈពេល១០ឆ្នាំកន្លងមក ស្ថានីយអគ្គិសនីដើរដោយថាមពលប្រព័ន្ធ PV នៅខ្ពង់រាបនៃអាមេរិកខាងត្បូង គម្រោងស្ថានីយអគ្គិសនីដើរដោយកម្លាំងខ្យល់ធំ ជាងគេនៅអាស៊ីកណ្តាល និងស្ថានីយវារីអគ្គិសនីដែលសាងសង់ នៅទន្លេអាស៊ីខាងត្បូង។ល។ គម្រោងរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ទាំងនេះបានជួយបន្ធូរបន្ថយកង្វះខាតថាមពលក្នុងតំបន់ ហើយបានលើកកម្ពស់កម្រិតប្រើប្រាស់ថាមពលស្អាត ដែលបានផ្តល់ទីពំនាក់យ៉ាងរឹងមាំដល់ ការអភិវឌ្ឍទំនើបកម្មរបស់ប្រទេសទាំងនេះ។ ដូចប្រសាសន៍របស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានថ្លែងក្នុងពិធីបើកវេទិកាកំពូលលើកនេះថា “ការធ្វើឱ្យកង្វះខាតថាមពលលែងជាបញ្ហាពិបាកដោះស្រាយ ក្នុងការអភិវឌ្ឍទៀត និងធ្វើឱ្យប្រទេសកំពុងអភិវឌ្ឍន៍សម្រចបាន នូវក្ដីសុបិននៃការអភិវឌ្ឍបៃតងនិងកាបូនទាប បានក្លាយជាទឹកដីបៃតងនិងចង្កៀងបង្ហាញផ្លូវនៃការអភិវឌ្ឍ ជានិរន្តរភាពក្នុងយុគសម័យថ្មី”

ក្នុងរយៈពេល១០ឆ្នាំកន្លងមក ប្រទេសចិនបានបង្កើតសហព័ន្ធអន្តរជាតិស្តីពីអភិវឌ្ឍន៍បៃតង “ខ្សែក្រវាត់និងផ្លូវ”ជាមួយដៃគូសហប្រតិបតិ្តការចំនួនជាង១៥០នៃប្រទេសជាង៤០ បានបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការខាងថាមពល “ខ្សែក្រវាត់និងផ្លូវ”ជាមួយ៣២ប្រទេស ព្រមទាំងបានសន្យាថា លែងសាងសង់គម្រោងអគ្គិសនីដើរដោយធ្យូងថ្មនៅបរទេសទៀតហើយ ។ល។ អ្នកជំនាញពាក់ព័ន្ធបានថ្លែងថា ប្រការទាំងនេះបានបញ្ជាក់ថាទាំងទស្សនៈគោលនយោបាយ ទាំងការរចនាគម្រោង ប្រទេសចិនបានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកាបូនទាប និងការអភិវឌ្ឍជានិរន្តរភាពសកល។

ក្នុងវេទិកាកំពូលលើកនេះ ប្រទេសចិនបានប្រកាសពីប្រតិបតិ្តការ ចំនួន៨ចំណុចក្នុងការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ ក្នុងនោះប្រតិបត្តិការមួយ គឺជំរុញការអភិវឌ្ឍបៃតង។ អ្នកវិភាគបានលើកឡើងថា នៅដំណាក់កាលបន្ទាប់ ប្រទេសចិននឹងរួមសហការជាមួយប្រទេសពាក់ព័ន្ធ ជំរុញការអភិវឌ្ឍបៃតងនិងកាបូនទាប ដើម្បីសម្រេចបាននូវការធ្វើបរិវត្តកម្មបៃតង របស់ឧស្សាហកម្ម។

ការធ្វើបរិវត្តកម្មបៃតង មិនត្រឹមតែអាចនាំមក នូវរូបមន្តអភិវឌ្ឍន៍ថ្មីតែប៉ុណ្ណោះទេ ថែមទាំងក៏នាំមកនូវកម្លាំងចលករអភិវឌ្ឍន៍ថ្មីទៀតផង។ ក្នុងវេទិកាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍបៃតង នៃវេទិកាកំពូលលើកនេះ ប្រទេសចិនបានប្រកាសពីផែនការប្រតិបត្តិអភិវឌ្ឍន៍បៃតង ចំនួន៣ ក្នុងនោះផែនការមួយគឺបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការ ក្នុងការបណ្តាក់ទុននិងផ្តល់សហហិរញ្ញប្បទាន លើវិស័យអភិវឌ្ឍន៍បៃតង។ បើសម្លឹងមើលឱ្យបានវែងឆ្ងាយអាចឃើញថា ការធ្វើបរិវត្តកម្មបៃតងក៏មានអំណោយផលដល់ ការអភិរក្សស្រុកកំណើតរួមរបស់មនុស្សជាតិផងដែរ។ អាចប៉ាន់ប្រមាណថា ក្នុងដំណើររួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់នៅពេលអនាគត វិធានការថ្មីមួយចំនួនដូចជាការអភិវឌ្ឍថាមពលបៃតងជាដើម នឹងរួមចំណែកក្នុងការសន្សំសំចៃថាមពល និងការកាត់បន្ថយការបញ្ចេញកាបូននៅលើពិភពលោកទាំងមូល ក៏ដូចជាទប់ទល់នឹងបម្រែបម្រួលអាកាសធាតុសកលផងដែរ ដើម្បីអភិរក្សអនាគតរបស់មនុស្សជាតិ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន