(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា ការឆ្មក់វាយប្រហារទ្រង់ទ្រាយធំកាលពីថ្ងៃទី៧ ខែតុលា របស់ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន គឺមានគោលដៅចង់បំផ្លាញលទ្ធភាព នៃការធ្វើប្រក្រតីកម្មទំនាក់ទំនង រវាង​អ៉ីស្រាអែលនិងអារ៉ាប៊ីសាអូឌីត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣។

អារ៉ាប៊ីសាអូឌីត ដែលជាប្រទេសអារ៉ាប់ដ៏មានឥទ្ធិពលមួយ ប្រចាំនៅតំបន់មជ្ឈិមបូព៌ា និងជាកន្លែងដែលទីសក្ការៈដ៏ពិសិដ្ឋបំផុតចំនួន២ នៃសាសនាឥស្លាមស្ថិតនៅ បានសាទរចំពោះការផ្សារភ្ជាប់ទំនាក់ទំនង របស់ប្រទេសជិតខាងខ្លួននៅតំបន់ឈូងសមុទ្រពែរ្ស គឺអេមីរ៉ាត់អារ៉ាប់រួមនិងបារ៉ែន ជាមួយអ៉ីស្រាអែលកាលពីឆ្នាំ២០២០ ក្រោមការសម្របសម្រួលរបស់ រដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ទីក្រុងរីយ៉ាដមិនបានដើរតាមអេមីរ៉ាត់អារ៉ាប់រួមនិងបារ៉ែនទេ ដោយនិយាយថា គោលដៅនៃការសម្រេចបានឱ្យភាពជាប្រទេសសម្រាប់ប៉ាឡេស្ទីន គួរតែត្រូវដោះស្រាយឱ្យរួចរាល់ជាមុនសិន។

យ៉ាងណាមិញ កាលពីថ្ងៃសុក្រ លោក បៃដិន បានលើកឡើងយ៉ាងដូច្នេះថា «ហេតុផលមួយដែលក្រុមហាម៉ាស​ សម្រេចធ្វើសកម្មភាពលើ​អ៉ីស្រាអែល គឺពួកគេបានដឹងថា ខ្ញុំប្រុងនឹងទៅជជែកជាមួយអារ៉ាប៊ីសាអូឌីត។ តើមានដឹងដែរទេថា តាមពិតអារ៉ាប៊ីសាអូឌីតចង់ទទួលស្គាល់​អ៉ីស្រាអែល»។ ក្នុងបទសម្ភាសមួយដែលចាក់ផ្សាយ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន លោកប្រធានាធិបតីអាមេរិក បាននិយាយថា លទ្ធភាពនៃការធ្វើប្រក្រតីកម្ម​ទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺមិនទាន់រលាយសាបសូន្យទាំងស្រុងទេ ប៉ុន្តែវានឹងត្រូវការពេលយូរ។

គួរបញ្ជាក់ថា លទ្ធភាពនៃការធ្វើប្រក្រតីកម្មទំនាក់ទំនងរវាងអ៉ីស្រាអែល ជាមួយអារ៉ាប៊ីសាអូឌីត ក៏ដូចជាជាមួយប្រទេសអារ៉ាប់ដទៃទៀត គឺជាអាទិភាពចម្បងមួយ សម្រាប់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken អំលុងទស្សនកិច្ចទៅកាន់ទីក្រុងរីយ៉ាដកាលពី​ខែមិថុនា។ មួយថ្ងៃក្រោយការវាយប្រហាររបស់ក្រុមហាម៉ាស លោក Blinken បានលើកឡើងថា វាគ្មានអ្វីត្រូវភ្ញាក់ផ្អើលទេ ប្រសិនបើ​ចេតនាមួយផ្នែក នៅពីក្រោយការវាយប្រហារនោះ គឺប្រហែលជាដើម្បីបង្អាក់កិច្ចប្រឹងប្រែងនាំអារ៉ាប៊ីសាអូឌីត និងអ៉ីស្រាអែលឱ្យត្រូវគ្នា។

ឆ្លើយតបចំពោះទង្វើរបស់ហាម៉ាស អ៉ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសយ៉ាងខ្លាំងក្លាបំផុត លើតំបន់ Gaza Strip ដែលយោងតាមអាជ្ញាធរប៉ាឡេស្ទីន គឺបាន​ផ្តាច់ជីវិតមនុស្សកើនដល់ជាង៤,១០០នាក់ ហើយអ៉ីស្រាអែលបានប្តេជ្ញាថា នឹងកម្ចាត់ក្រុមហាម៉ាសចោលទាំងស្រុង៕

រូបភាពពី Reuters