(មូស្គូ)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ វិមានក្រឹមឡាំងបាននិយាយថា​ ពាក្យសម្តីរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលបានប្រៀបប្រដូច ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស (Hamas) គឺជារឿងមិនអាចទទួលយកបាននោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ពេលវេលាបច្ចុប្បន្នគឺជាពេលវេលាដ៏គ្រោះថ្នាក់មួយ ហើយការគំរាមកំហែងចំពោះពលរដ្ឋរុស្ស៉ី នឹងកើនឡើងយ៉ាងខ្លាំង នៅពេលអ៉ីស្រាអែលចាប់ផ្តើម ប្រតិបត្តិការយោធាវាយលុកតាមជើងគោក ចូលតំបន់ Gaza Strip ដែលគេរំពឹងថា នឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗ។ អ៉ីស្រាអែលបានប្តេជ្ញាថា នឹងកម្ចាត់ក្រុមហាម៉ាសចោលទាំងស្រុង ដែលគ្រប់គ្រងនៅ Gaza Strip ហើយកាលពី២សប្តាហ៍មុន បានធ្វើសកម្មភាពឆ្មក់វាយប្រហារចូលអ៉ីស្រាអែល ដែលបើតាមការអះអាង​របស់អ៉ីស្រាអែលផ្ទាល់ គឺបានសម្លាប់មនុស្សយ៉ាងហោច១,៤០០នាក់ ភាគច្រើនជាជនស៉ីវិល។

ក្នុងការអត្ថាធិប្បាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក បៃដិន បាននិយាយប្រៀបធៀបទង្វើរបស់ក្រុម Hamas ទៅនឹងទង្វើរបស់ លោក ពូទីន ដែលបានបញ្ជាកងកម្លាំងយោធារុស្ស៉ី ឱ្យបើកការឈ្លានពានពេញទំហឹងលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។ លោក បៃដិន បានលើកឡើងយ៉ាងដូច្នេះថា «ក្រុមហាមាសនិងលោក ពូទីន បង្កការគំរាមកំហែងផ្សេងគ្នាពិតមែន ប៉ុន្តែពួកគេមានរឿងមួយដូចគ្នា នោះគឺ​ពួកគេទាំងពីរសុទ្ធតែមានបំណងបំផ្លិចបំផ្លាញ ប្រទេសប្រជាធិបតេយ្យមួយដែលនៅក្បែរខាងខ្លួន»

លោក Peksov បាននិយាយដូច្នេះថា «ពាក្យសម្តីបែបនេះ គឺមិនសក្តិសមអ្វីបន្តិចសោះ សម្រាប់ប្រមុខរដ្ឋដែលមានការទទួលខុសត្រូវ ហើយវោហារសាស្រ្តយ៉ាងដូច្នោះ គឺជារឿងមិនអាចទទួលយកបានឡើយសម្រាប់យើង... ពួកយើងមិនទទួលយកដាច់ខាត នូវការប្រើប្រាស់​ពាក្យពេចន៍ប្រភេទហ្នឹង សំដៅមកលើសហព័ន្ធរុស្ស៉ី និងសំដៅមកលើប្រធានាធិបតីរបស់យើង»

គួរបញ្ជាក់ថា អ៉ីស្រាអែលបានឆ្លើយតបវិញ ចំពោះសកម្មភាពវាយប្រហាររបស់ក្រុម Hamas ដោយធ្វើការទម្លាក់គ្រាប់បែកយ៉ាងសម្បើម​ជារៀងរាល់ថ្ងៃ ចាប់តាំងពីថ្ងៃទី៧ ខែតុលាមក ទៅលើតំបន់ Gaza Strip ដែលបើតាមការអះអាងរបស់អាជ្ញាធរប៉ាឡេស្ទីន គឺបានសម្លាប់​មនុស្សជាង៤,១០០នាក់៕

រូបភាពពី Reuters