(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានបង្ហាញការត្រេកអរ បន្ទាប់ពីក្រុមហាម៉ាស បានដោះលែងចំណាប់ខ្មាំងជនជាតិអាមេរិក២នាក់ ប៉ុន្តែរូបលោកបានប្រាប់ថា ពួកគេនៅឃាត់ឃាំងពលរដ្ឋអាមេរិកអាចដល់១០នាក់ផ្សេងទៀត ក្នុងចំណោមចំណាប់ខ្មាំងសរុបយ៉ាងហោច២០០នាក់ ដែលត្រូវបានចាប់ពីអ៉ីស្រាអែលយកទៅតំបន់ Gaza Strip កាលពី២សប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣។
លោក Blinken បានប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «នៅមានជនជាតិអាមេរិក១០នាក់ផ្សេងទៀត ដែលបានបាត់ខ្លួនអំលុងជម្លោះរវាងអ៉ីស្រាអែលនិងហាម៉ាស។ យើងដឹងថាពួកគេមួយចំនួន ត្រូវបានក្រុមហាម៉ាស ចាប់យកធ្វើជាចំណាប់ខ្មាំង ក្នុងចំណោមមនុស្សប្រហែលជា២០០នាក់ផ្សេងទៀត»។ លោក Blinken បានបន្ថែមថា ចំណាប់ខ្មាំងទាំងអស់ រួមមានទាំងបុរស ស្រ្តី ក្មេងប្រុស ក្មេងស្រី និងចាស់ៗ ដែលមកពីបណ្តាប្រទេសជាច្រើន គួរត្រូវបានដោះលែងជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ ស្រ្តីជនជាតិអាមេរិក២នាក់ ដែលត្រូវបានចាប់ជាចំណាប់ខ្មាំងកាលពីថ្ងៃទី៧ ខែតុលា អំលុងការវាយប្រហារដ៏ប្រល័យបំផុត របស់ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ទៅលើទឹកដីអ៉ីស្រាអែល ត្រូវបានដោះលែងវិញ ហើយឥឡូវកំពុងស្ថិតនៅប្រទេសអ៉ីស្រាអែល។ លោកប្រមុខការទូតអាមេរិក ដែលទើបតែត្រឡប់មកវិញកាលពីថ្ងៃពុធសប្តាហ៍នេះ ក្រោយបានចំណាយពេលជាច្រើនថ្ងៃ បំពេញទស្សនកិច្ចនៅអ៉ីស្រាអែល និងនៅប្រទេសអារ៉ាប់មួយចំនួន ក៏បានសម្តែងការអរគុណផងដែរដល់ប្រទេសកាតា សម្រាប់កិច្ចប្រឹងប្រែងជួយធានាបាន នូវការដោះលែងជនជាតិអាមេរិកទាំង២នាក់៕
រូបភាពពី AFP